នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងខែកក្កដា និងទិសដៅសម្រាប់អនុវត្តខែសីហា ឆ្នាំ២០២៦។
ដោយសារបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំត្រូវរៀបចំផែនការសកម្មភាពការងារ និងការត្រៀមបម្រុងឲ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើឲ្យមានការចុះត្រួតពិនិត្យជាក់ស្តែងចំពោះផលប៉ះពាល់តាមបណ្តាខេត្តដែលប្រឈម ក៏ដូចជាកងប្រតិបត្តិការរុករក និងសង្គ្រោះ ទៅលើសម្ភារៈ និងឧបករណ៍ប្រើប្រាស់ ដោយសារកងរុករក និងសង្គ្រោះគ្រោះមហន្តរាយនេះជាកងកម្លាំងមានជំនាញ ក្នុងការចុះប្រតិបត្តិការ អន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ៕








