និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំសិក្សា ដើម្បីចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន តបស្នងគុណសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ដល់ឱកាសឱ្យពួកគេ ទទួលបានពន្លឺវិជ្ជា។
និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ខួបកំណើតគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ សូមសម្ដេចមានសុខភាពល្អ ជន្មាយុយឺនយូរ កម្លាំងមាំមួន បន្តរួមចំណែកបម្រើជាតិ និងប្រជាជន ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ ទន្ទឹមនិងសារជូនពរ ក្រុមនិស្សិត បានបង្ហាញការដឹងគុណចំពោះឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា ដែលសម្ដេចតេជោ ផ្ដល់ឱ្យ និងបង្ហាញការប្ដេជ្ញាចិត្ត តបស្នងគុណសម្ដេច ដោយខិតខំសិក្សា ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចគោលដៅជាប្រទេសអភិវឌ្ឍ នៅឆ្នាំ២០៥០។
សូមជម្រាបជូនថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ គឺជាថ្ងៃខួបកំណើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្នាក់ដឹកនាំ មន្រ្ដីរាជការ តាមក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ បានផ្ញើសារគោរពជូនពរសម្ដេចតេជោ ដើម្បីបង្ហាញពីការគោរពដឹងគុណ ចំពោះវីរភាព ការលះបង់ និងគុណបំណាច់ដ៏ធំធេង របស់សម្ដេច ក្នុងបុព្វហេតុរំដោះជាតិ កសាងជាតិ និងថែរក្សាសុខសន្ដិភាព ដែលជាមូលដ្ឋានគ្រឹះ នាំឱ្យកម្ពុជាបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់លើការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ៕ អត្ថបទ៖ លៀ ស៊ីណា







