ក្លិបបាល់ទាត់ Leeds United បានប្រកាសជាផ្លូវការពីការចុះហត្ថលេខានាំយកអ្នកចាំទី James Trafford ពី Manchester City ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃអាចកើនដល់ ៤៥ លានផោន។
អ្នកចាំទីជម្រើសជាតិអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះ បានចាកចេញពីកីឡដ្ឋាន Etihad ត្រឹមមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពី Manchester City បានប្រើលក្ខខណ្ឌទិញត្រឡប់ពី Burnley ក្នុងតម្លៃ ២៧ លានផោនកាលពីរដូវក្តៅឆ្នាំមុន។
ទោះបី Trafford មិនទាន់អាចក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ City បានក៏ដោយ ប៉ុន្តែរូបគេបានបង្ហាញខ្លួនសរុប ១៧ ប្រកួត កាលពីរដូវកាលមុន ក្នុងនោះមាន ៤ ប្រកួតនៅ Premier League ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមឈ្នះពាន League Cup និង FA Cup។
ការផ្ទេរទៅកាន់ Leeds កើតឡើងបន្ទាប់ពី Manchester City បាននាំយកអ្នកចាំទីជើងឯក UEFA Champions League, Gianluigi Donnarumma មករួមក្រុមកាលពីខែកញ្ញាឆ្នាំមុន ដែលធ្វើឱ្យឱកាសរបស់ Trafford ក្នុងការក្លាយជាអ្នកចាំទីដៃទីមួយរបស់ក្លិបបាត់បង់។
កិច្ចព្រមព្រៀងនេះក៏បានបង្កើត កំណត់ត្រាថ្មីសម្រាប់អ្នកចាំទីជនជាតិអង់គ្លេស ដោយមានតម្លៃផ្ទេរខ្ពស់ជាងកំណត់ត្រាចាស់ ៣០ លានផោនដែល Everton ទិញ Jordan Pickford ពី Sunderland កាលពីឆ្នាំ ២០១៧។
លើសពីនេះ Trafford ក៏បានក្លាយជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទីដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរ នៅពីក្រោម Kepa Arrizabalaga (៦៨ លានផោន) និង Alisson Becker (៦២ លានផោន)។
Trafford គឺជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Manchester City។ មុនពេលផ្ទេរទៅ Burnley ក្នុងឆ្នាំ ២០២៣ គេធ្លាប់ត្រូវបានដាក់ឱ្យ Accrington Stanley និង Bolton ខ្ចីជើង ដើម្បីទទួលបានបទពិសោធន៍។ ក្នុងអំឡុងពេលលេងឱ្យ Burnley អ្នកចាំទីរូបនេះបានបង្ហាញខ្លួនសរុប ៧៣ ប្រកួត មុនពេល City ប្រើសិទ្ធិទិញត្រឡប់វិញ៕ អត្ថបទ៖នាង សុភាវុធ

