ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ចប់បេសកកម្មប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១១ ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី ដោយជោគជ័យ ដោយដណ្ដើមបានមេដាយសរុបចំនួន ៤១គ្រឿងជូនជាតិមាតុភូមិ រួមមានមេដាយមាស ៨ មេដាយប្រាក់ ១២ និងមេដាយសំរឹទ្ធ២១។
នៅក្នុងព្រឹត្តិការណ៍តេក្វាន់ដូ ITF ប្រចាំទ្វីបនេះ កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុប ៤៧នាក់ ក្នុងនោះមានកីឡាកររ-កីឡាការិនីចំនួន ៣២នាក់ ទាំងកម្រិតក្រុមយុវជនថ្នាល និងក្រុមឈុតធំ។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយមាស ៨ ប្រាក់ ១២ និងសំរឹទ្ធ ២១ សរុបចំនួន ៤១គ្រឿង។
ជាមួយការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ដែលមានការអញ្ជើញចូលរួមដឹកនាំ និងផ្ដល់កម្លាំងចិត្តផ្ទាល់ពីឯកឧត្ដមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធនេះ ក៏ទទួលបានការផ្ញើសារអបអរសាទរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែង រហូតដណ្ដើមបានមេដាយជាច្រើនជូនជាតិមាតុភូមិនេះផងដែរ។
សូមរំឮកថា ក្រៅពីទទួលបានជោគជ័យក្នុងការប្រកួត កម្ពុជាក៏ទទួលបានជោគជ័យក្នុងការបន្ដវេនធ្វើម្ចាស់ផ្ទះផងដែរ ក្រោយទទួលបានការគាំទ្រជាឯកច្ឆន្ទពីបណ្ដាប្រទេសសមាជិកសហព័ន្ធកីឡាតេក្វាន់ដូអាស៊ី(ATF) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ដោយកម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ (12th Asian Taekwon-Do Championship) ឆ្នាំ២០២៨ ខាងមុខ៕ អត្ថបទ លី ឈុនឡា









