សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»

2026/08/10 03:29:39 pm        218

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បាន​ចែករំលែក ​អត្ថបទរបស់ ​អ្នកស្រាវជ្រាវថៃដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។

សម្ដេច​តេជោបានថ្លែងថា​ ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Suphalak Ganjanakhundee អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។

សម្ដេច​តេជោបន្តថា ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោកនោះទេ សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖ «មនុស្សធម៌ខ្វះការអាណិតអាសូរ»

ផ្សាយលើគណនី Facebook : ประชาไท Prachatai.com:

ថ្ងៃទី១០ ខែសីហា ២០២៦

ភាពច្របូកច្របល់រវាងគោលការណ៍ «មនុស្សធម៌» និង «អធិបតេយ្យភាព» បានធ្វើឱ្យក្រសួងការបរទេសថៃរុញជម្លោះជាមួយកម្ពុជាចូលទៅកាន់វេទិកាអន្តរជាតិម្តងទៀត ដោយបានចេញថ្លែងការណ៍ឆ្លើយតបទៅកាន់លោក Tom Andrews អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

ការឆ្លើយតបនេះបានប្រើប្រាស់ខ្លឹមសារ និងព័ត៌មានដែលមិនស៊ីសង្វាក់គ្នា និងមិនសមហេតុផល រហូតបង្កជាការបារម្ភថា «អាចក្លាយជាចំណុចខ្សោយចោទជា បញ្ហាដល់ជំហរការទូត និងកិច្ចការអន្តរជាតិរបស់ថៃខ្លួនឯង» ដូចខាងក្រោម៖

ការអះអាងរបស់ថៃ៖ ចំពោះករណីដែលអ្នករាយការណ៍ពិសេសអះអាងថា មានជនភៀសខ្លួនកម្ពុជា (Internally Displaced Persons: IDPs) ចំនួន 650,000 នាក់នោះ ភាគីថៃសូមធ្វើការបកស្រាយថា ចំនួនដែលបានលើកឡើងនោះ តាមការពិតមួយផ្នែកគឺជាប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ដែលថៃ ធ្លាប់បានបើកជាមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្នកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលជាការផ្តល់ជំនួយមនុស្សធម៌ពីភាគីថៃ។

ទោះជាយ៉ាងណា បន្ទាប់ពីស្ថានភាពបានធូរស្រាល ក្រុមបុគ្គលទាំងនោះមិនបានចាកចេញពីតំបន់នោះឡើយ ទោះបីជាភាគីថៃបានធ្វើការតវ៉ាទៅកាន់ភាគីកម្ពុជា ជាច្រើនលើកច្រើនសារក៏ដោយ។ ដូច្នេះពួកគេត្រូវបានចាត់ទុកថា ជាបុគ្គលដែលបានឈ្លានពានទឹកដីថៃ និងមិនរាប់បញ្ចូលក្នុងនិយមន័យនៃជនភៀសខ្លួនក្នុងស្រុក (IDPs) ឡើយ។

ចំណុចខ្សោយទី១៖ ជនភៀសខ្លួនក្នុងស្រុក (IDPs) តាមនិយមន័យរបស់អង្គការសហប្រជាជាតិ សំដៅលើ «បុគ្គលឬក្រុមមនុស្សដែលត្រូវបានបង្ខំ ឬចាំបាច់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង ឬទីលំនៅធម្មតារបស់ខ្លួន ដើម្បីចៀសវាងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ អំពើហិង្សារាលដាល ការរំលោភសិទ្ធិមនុស្ស ឬគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយដែលកើតចេញពីមនុស្ស ដោយបុគ្គលទាំងនោះមិនបានឆ្លងកាត់ព្រំដែននៃរដ្ឋដែលទទួលស្គាល់ជាអន្តរជាតិនោះឡើយ»។

ការដែលហេតុការណ៍ប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែនរវាងទាហានថៃ និងកម្ពុជា បានបណ្តាលឱ្យប្រជាជនកម្ពុជាជាច្រើន (មិនថាក្នុងចំនួនប៉ុន្មានក៏ដោយ) ត្រូវភៀសខ្លួនចូលកាន់តែជ្រៅទៅក្នុងដែនដីកម្ពុជានោះគឺត្រឹមត្រូវតាមនិយមន័យទាំងស្រុង ដោយមិនចាំបាច់ឱ្យភាគីថៃលើកយកមកធ្វើជាប្រធានបទតស៊ូមតិ ឬប្រកែកជំទាស់នោះឡើយ។

ចំណុចខ្សោយទី២៖ អាជ្ញាធរថៃមិនបានធ្វើបញ្ជីជំរឿនប្រជាជនកម្ពុជានៅក្នុងតំបន់ទាំងនោះទាល់តែសោះ ដោយមិនអាចបញ្ជាក់បានច្បាស់លាស់ថា តើនរណា ភេទអ្វី អាយុប៉ុន្មាន និងមានចំនួនប៉ុន្មានប្រាកដ ដែលបានរស់នៅក្នុងតំបន់ដែលថៃអះអាងថា ធ្លាប់ជាមជ្ឈមណ្ឌលជ្រកកោនតាំងពីសម័យសង្គ្រាមស៊ីវិល រហូតមកដល់បច្ចុប្បន្ននោះឡើយ។

ការប្រើប្រាស់ពាក្យថា «មួយផ្នែក» គ្រាន់តែជាការសន្និដ្ឋានទាញចេញពីហេតុការណ៍ប្រវត្តិសាស្ត្រ ដែលតាមការពិតគ្មានទំនាក់ទំនងចាំបាច់អ្វីជាមួយហេតុការណ៍ប៉ះទង្គិច តាមបណ្ដោយព្រំដែនដែលទើបតែកើតឡើងនាពេលថ្មីៗនេះនោះទេ។

ចំណុចខ្សោយទី៣៖ ការអះអាងថា តំបន់ទាំងនោះ (តំបន់ជោគជ័យ-ណងចាន និងព្រៃចាន់-ណងយ៉ាកែវ) ជាដែនដីរបស់ថៃ គឺជាការអះអាងតែខាងភាគីថៃតែម្នាក់ឯងប៉ុណ្ណោះ។

អង្គហេតុជាក់ស្តែងគឺទាំងភាគីថៃ និងកម្ពុជា នៅតែមានទស្សនៈមិនត្រូវគ្នាស្តីពីទីតាំងបង្គោលព្រំដែនលេខ 42, 43, 46 និង 47 ដោយកំពុងរង់ចាំការបញ្ជាក់ខាង បច្ចេកទេសពីគណៈកម្មាធិការព្រំដែនរួម (JBC) នៅឡើយ។ ដូច្នេះវាមិនអាចរាប់បញ្ចូលថាជា «ដែនដីនៃរដ្ឋដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ» បាននោះឡើយ។

ចំណុចខ្សោយទី៤៖ សហគមន៍ជោគជ័យ និងព្រៃចាន់ ឬភូមិណងចាន និងណងយ៉ាកែវ តាមការយល់ឃើញរបស់ភាគីថៃ ត្រូវបានកាត់ផ្តាច់ដោយខ្សែព្រំដែនដែលភាគី ទាំង២អះអាងថា ត្រួតស៊ីគ្នានៅឡើយ។

នៅពេលពិនិត្យមើលស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាជននៅតំបន់នោះឃើញថា ប្រជាជនភាគច្រើនរស់នៅក្នុងដែនដីដែលហួសពីខ្សែព្រំដែន ដែលថៃទាមទារទៅទៀត។ ដូច្នេះការសន្និដ្ឋានជារួមថា ពួកគេរស់នៅក្នុងមជ្ឈមណ្ឌលជ្រកកោនដោយមិនព្រមចាកចេញ គឺជាការអះអាងដែលលើសពីការពិត។

ការអះអាងរបស់ថៃ៖ ថៃយល់ឃើញថា ប្រធានបទស្តីពីសិទ្ធិក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិវិញ (right of return) មិនគួររបង្កើតឡើងដើម្បីប្រើប្រាស់ជាឧបករណ៍ ស្វែងរកផលប្រយោជន៍នយោបាយ ឬដើម្បីការផ្សព្វផ្សាយបែបឃោសនា ជារឿងសំខាន់ជាងការគិតគូរដល់គោលការណ៍មនុស្សធម៌ពិតប្រាកដនោះឡើយ។

ចំណុចខ្សោយ៖ ការតស៊ូមតិនេះស្តាប់ទៅហាក់ដូចជា មានហេតុផលខ្លាំងណាស់ ប៉ុន្តែខ្វះទម្ងន់ ព្រោះថៃខ្លួនឯងក៏បានធ្វើទង្វើបែបនោះដែរ ដោយការយករឿងអធិបតេយ្យភាព និងបូរណភាពទឹកដីមកធ្វើជាប្រធានបទ រហូតក្លាយជាការជិះជាន់លើរឿងមនុស្សធម៌ដែលថៃអះអាងថា ប្រកាន់ខ្ជាប់នោះទៅវិញ។

គោលការណ៍សំខាន់របស់អង្គការសហប្រជាជាតិគឺ «សិទ្ធិមនុស្ស/មនុស្សធម៌គ្មានព្រំដែន» នោះទេ។ សិទ្ធិក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិ សំដៅលើទីកន្លែងដែលធ្លាប់រស់នៅ កើត ឬធំធាត់ឡើង ប៉ុន្តែមិនចាំបាច់ទាមទារឱ្យមានកម្មសិទ្ធិ ឬជាពលរដ្ឋនៃរដ្ឋនោះជានិច្ចនោះទេ។

មនុស្សជាច្រើននៅលើពិភពលោកនេះ កើតមកដោយមិនដឹងខ្លួនឯងថា ជាពលរដ្ឋនៃរដ្ឋណាមួយឡើយ (ជនអនាថាក្រៅស្រុក/stateless) ប៉ុន្តែពួកគេនៅតែមានសិទ្ធិរស់នៅលើពិភពលោកនេះ ឬវិលត្រឡប់ទៅកាន់ទីកន្លែងដែលពួកគេធ្លាប់ស្គាល់។ រដ្ឋដែលអះអាងថាគោរពគោលការណ៍មនុស្សធម៌ត្រូវតែគោរព និងអនុញ្ញាតឱ្យពួកគេរស់នៅទីនោះ។

លើសពីនេះ តាមការពិត រដ្ឋថៃក៏ធ្លាប់អាស្រ័យលើគោលការណ៍មនុស្សធម៌ អនុញ្ញាតឱ្យពួកគេរស់នៅបានអស់ជាច្រើនទសវត្សរ៍មកហើយ។ ដូច្នេះ គ្មានហេតុផលអ្វីដែលត្រូវបណ្ដេញពួកគេចេញនៅពេលនេះឡើយ។

រឿងដែលសំខាន់បំផុតគឺជារឿងដែលត្រូវបែងចែកឱ្យបានច្បាស់លាស់ថា «អធិបតេយ្យភាពគឺជាប្រធានបទរវាងរដ្ឋនិងរដ្ឋ»។ការដែលប្រទេសថៃអនុញ្ញាតឱ្យបុគ្គលណាម្នាក់ រស់នៅលើដែនដីដែលបានឈ្មោះថានៅក្រោមអធិបតេយ្យភាពថៃ ក៏មិនបានបង្កឱ្យបាត់បង់អធិបតេយ្យភាព ឬបូរណភាពដែនដីទៅឱ្យរដ្ឋផ្សេងទៀតឡើយ។

ករណីនេះក៏ដូចគ្នាប្រទេសថៃឱ្យប្រជាជនកម្ពុជាមួយចំនួនរស់នៅលើដែនដីដែលជឿថា ស្ថិតនៅក្រោមអធិបតេយ្យភាពថៃអស់រយៈពេលជាយូរ ក៏មិនបានធ្វើឱ្យកម្ពុជាក្នុងនាមជារដ្ឋមួយ អាចមកទាមទារអធិបតេយ្យភាពលើដែនដីនោះបានដែរ ហើយក៏មិនអាចប្រើប្រាស់គោលការណ៍នៃការកាន់កាប់ផ្ទុយក្រោម ច្បាប់ស៊ីវិលថៃ ដើម្បីទាមទារសិទ្ធិរបស់ខ្លួនបានដែរ។

ការអះអាងរបស់ថៃ៖ ចំពោះករណីពលករកម្ពុជាដែលធ្វើដំណើរចេញពីប្រទេសថៃ ដែលអ្នករាយការណ៍ពិសេសអះអាងថាមានចំនួន 900,000 នាក់នោះ ភាគីថៃសូមធ្វើការបកស្រាយថា ពលករកម្ពុជាដែលធ្វើដំណើរត្រឡប់ទៅប្រទេសវិញបន្ទាប់ពីកើតមានជម្លោះនៅតំបន់ព្រំដែនថៃ-កម្ពុជា រួមមានទាំងអ្នកដែលមានច្បាប់ អនុញ្ញាតធ្វើការត្រឹមត្រូវ និងអ្នកដែលលួចចូលមកធ្វើការដោយខុសច្បាប់។ ហើយពលករទាំងនោះបានធ្វើដំណើរត្រឡប់ទៅកម្ពុជាដោយស្ម័គ្រចិត្ត បន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃបានផ្តល់ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ថា តែងតែយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលករកម្ពុជាទាំងអស់នៅក្នុងប្រទេសថៃ ហើយមិនដែលប្រកាន់យកគោលនយោបាយបណ្តេញពលករកម្ពុជាចេញពីប្រទេសនោះឡើយ។

ចំណុចខ្សោយ៖ ប្រទេសថៃបានបិទច្រកព្រំដែនតាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយទើបតែបានប្រកាសពីការពន្យារពេលក្នុងការបន្តលិខិត អនុញ្ញាតការងារសម្រាប់ពលករ កម្ពុជាជិត 100,000 នាក់កាលពីខែធ្នូ ឆ្នាំ២០២៥ ដែលជាហេតុធ្វើឱ្យពលករទាំងនោះមិនអាចត្រឡប់មកធ្វើការនៅក្នុង ប្រទេសថៃវិញបាន។ ទោះបីជាមិនមានគោល នយោបាយដេញពួកគេត្រឡប់ទៅវិញដូចការអះអាងក៏ដោយ ប៉ុន្តែទង្វើនេះមិនបានបង្កើតបរិយាកាសអំណោយផលដល់ការដែលពួកគេអាចធ្វើការនៅក្នុងប្រទេសថៃ បានទៀតនោះទេ។

សេចក្តីសន្និដ្ឋាន៖ ទោះបីជាការចេញថ្លែងការណ៍ឆ្លើយតបទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលបានបំពេញភារកិច្ចតាមវិសាលភាព មុខងាររបស់ខ្លួនគឺជាសិទ្ធិរបស់រដ្ឋាភិបាលថៃដែលអាចធ្វើបានក៏ដោយ ប៉ុន្តែវាក៏មិនបានផ្តល់ប្រយោជន៍អ្វីនោះដែរ។ លើសពីនេះការជ្រើសរើសផ្តល់ព័ត៌មានមិន គ្រប់ជ្រុងជ្រោយ ឬការកាត់យករឿងរ៉ាវយកមកនិយាយត្រឹមតែមួយផ្នែក ដូចដែលក្រសួងការបរទេសថៃបានប្រព្រឹត្តនោះ មើលទៅហាក់បីដូចជាការកាត់បន្ថយភាព គួរឱ្យទុកចិត្តខាងការទូត និងកិច្ចការអន្តរជាតិរបស់ប្រទេសថៃខ្លួនឯងទៅវិញទេ។

អត្ថបទ៖ ដោយលោក Suphalak Ganjanakhundee

អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន

https://www.facebook.com/Prachatai/posts/1506923698148599

អត្ថបទដែលទាក់ទង

បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែស្ម័គ្រចិត្ត​បន្តប្រឡង​ដោយមិនបោះបង់
2026/08/10 02:53:17 pm        356
បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនារសៀលថ្ងៃទី១ សម័យប្រឡង៖ ១០ សីហា ២០២៦
2026/08/10 02:28:45 pm        139
ខេត្តកណ្តាលមាន មណ្ឌលប្រឡងសរុបចំនួន ២០មណ្ឌល ស្មើនឹង ៥៤២បន្ទប់ប្រឡង
2026/08/10 02:25:56 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នានៅថ្ងៃទី ១៧ ខែសីហា

2026/08/10 04:26:54 pm
​លោក VUCIC ព្រមានថា អឺរ៉ុបកំពុងខិតជិតដល់ការផ្ទុះឡើងនៃសង្គ្រាមទ្រង់ទ្រាយធំ
2026/08/10 04:24:46 pm
​ស៊ីរី និងរុស្ស៊ីឈានដល់អនុស្សរណៈយោគយល់ស្តីពីអនាគតនៃមូលដ្ឋានយោធារបស់រុស្ស៊ី
2026/08/10 04:16:51 pm
​[UPDATE] ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ឱ្យមនុស្ស ២នាក់រង​របួស នៅថៃ​ ខណៈប្រទេស​មិន​ទាន់ស្ងាត់ពី​​ការបាញ់ប្រហារ នៅសាលារៀន
2026/08/10 03:59:17 pm
​[UPDATE] ក្មេងស្រីអាយុ ១២ឆ្នាំស្លាប់ក្រោយ​ការបាញ់ប្រហារក្នុង​សាលារៀន នៅថៃ នាំ​ឱ្យអ្នកស្លាប់កើន​ឡើងដល់​​យ៉ាង​តិច ៩នាក់
2026/08/10 03:56:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/10 03:13:45 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/09 07:49:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm