ក្លិបហង្សក្រហម Liverpool បានសម្រេចចុះហត្ថលេខាយកខ្សែការពារកណ្តាលសញ្ជាតិអ៊ុយរូហ្គាយ Ronald Araujo ពី Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល ដោយកិច្ចព្រមព្រៀងនេះក៏មានជម្រើសទិញផ្តាច់នៅចុងរដូវកាលផងដែរ។

Araujo វ័យ ២៧ ឆ្នាំ បានផ្លាស់មក Barcelona ពីក្លិប Uruguayan Boston River ក្នុងឆ្នាំ ២០១៨។ ក្រៅពីតួនាទីខ្សែការពារកណ្តាល គេក៏អាចលេងជាខ្សែការពារស្លាបស្តាំបានផងដែរ។
ការមកដល់របស់ Araujo គឺដើម្បីពង្រឹងតំបន់ការពាររបស់ Liverpool បន្ទាប់ពី Ibrahima Konaté បានចាកចេញទៅចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃផ្ទេរ។
Araujo បានបង្ហាញខ្លួនជាង ២០០ ប្រកួត សម្រាប់ Barcelona ឈ្នះពាន La Liga ៣ លើក និង Copa del Rey ២ លើក។ គេក៏ត្រូវបានតែងតាំងជាប្រធានក្រុម Barcelona កាលពីខែមករា បន្ទាប់ពីអ្នកចាំទី Marc-André ter Stegen ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង។
ទោះជាយ៉ាងណា កាលពីរដូវកាលមុន Araujo មានឱកាសចូលលេងក្នុងជម្រើសដំបូងនៅ La Liga ត្រឹម ១១ ប្រកួត ប៉ុណ្ណោះ ខណៈ Barcelona បានគ្រងជើងឯកលីគអេស្ប៉ាញជាលើកទី ២៩ ក្នុងប្រវត្តិសាស្ត្រក្លិប។
Araujo នៅមានកិច្ចសន្យាជាមួយ Barcelona រហូតដល់ឆ្នាំ ២០៣១ ប៉ុន្តែពេលវេលាលេងរបស់គេមានកម្រិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Hansi Flick ដោយ Gerard Martín និង Pau Cubarsí ក្លាយជាជម្រើសសំខាន់នៅតំបន់ការពារកណ្តាល។
សម្រាប់ក្រុមជម្រើសជាតិ Araújo បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ អ៊ុយរូហ្គាយ ក្នុងឆ្នាំ ២០២០ និងមាន ២៧ ប្រកួតជាមួយជម្រើសជាតិ។ គេក៏ស្ថិតក្នុងបញ្ជីកីឡាកររបស់គ្រូបង្វឹក Marcelo Bielsa សម្រាប់ World Cup រដូវក្តៅនេះ ប៉ុន្តែមិនបានចូលលេងឡើយ។
Liverpool នឹងចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាលថ្មីដោយធ្វើដំណើរទៅជួប Newcastle United នៅថ្ងៃទី ២៣ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ
