ក្រចេះ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (RPITSE) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១,១៥០កន្លែងលើមុខជំនាញចំនួន១១ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ពីរាជរដ្ឋាភិបាល។

បើយោងតាមវិទ្យាស្ថានដដែលបានឱ្យដឹងថាជំនាញទាំង១១ នោះរួមមាន៖ ជំនាញការងារកំបោរ, ការថែទាំនិងជួសជុលទោចក្រយានយន្ត, សេវាកម្មសម្អាងកាយ, ការផ្សារអគ្គសនី, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, សេវាកម្មកាត់សក់បុរស, ការធ្វើម្ហូបខ្មែរ, ការដាំដុះ ថែទាំ និងប្រមូលផលចេក, និងការដាំដុះ ថែទាំ និងប្រមូលផលជ័រកៅស៊ូ ។
ជាមួយគ្នានេះតាមវិទ្យាស្ថានក៏បានបញ្ជាក់ផងដែរថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅសរុប ២,៦០០នាក់ ដែលទទួលបានអាហារូបករណ៍លើ១២មុខជំនាញ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី ក្នុងនោះក្រុមគោលដៅមានចំនួន ១,៨០៦នាក់។
វិទ្យសា្ថនគ្រោងបើកវគ្គសិក្សាថ្មី ដោយចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ដើម្បីទទួលបានអាហារូបករណ៍សិក្ខាកាមត្រូវបំពេញលក្ខខណ្ឌដូចជា ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ញាតខ្មែរ ឬសំបុត្រកំណើត។ លើសពីនេះ សិក្ខាកាមនិងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែប្រសិនជាមានភ្ជាប់មកជាមួយនិងបណ្ណសមធម៌(បណ្ណក្រីក្រកម្រិត១ ឬកម្រិត២) ឬមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕


