នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋសភាជាតិកម្ពុជា បានបើក "វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្ដីពី សុខភាពសកល” លើកទី៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល គណៈប្រតិភូសមាជិកសភា និងភ្ញៀវកិត្តិយសមកពី ១៥ប្រទេស។
ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានថ្លែងនៅក្នុងពិធីបើកវេទិកា ថា ការរៀបចំវេទិកាលើកទី៩នេះ គឺជាការជំរុញ ការគ្របដណ្ដប់សុខភាពជាសកល ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋ និងជាការទទួលខុសត្រូវរួមគ្នា ដើម្បីការអភិវឌ្ឍសង្គមជាតិនីមួយៗ ពីព្រោះការអភិវឌ្ឍសង្គមជាតិ មិនអាចធ្វើទៅបានឡើយ បើខ្វះធនធានមនុស្ស និងកម្លាំងពលកម្មដែលមានសុខភាពល្អ។ ហើយវេទិកានេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការគាំទ្ររបស់អង្គការសុខភាពពិភពលោក WHO ចំពោះបណ្ដារដ្ឋសមាជិក ដើម្បីរួមគ្នាឈានទៅសម្រេចឱ្យបាន នូវគោលដៅសុខភាពជាសកល ស្របតាមស្មារតី នៃរបបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋាន នៃការអនុវត្តយ៉ាតមុតស្រួច នូវអភិក្រម រដ្ឋាភិបាលទាំងមូល និងអភិក្រម សង្គមទាំងមូល។
ឯកឧត្ដមអនុប្រធានទី១ ព្រឹទ្ធសភា បានបញ្ជាក់ប្រាប់ប្រតិភូបរទេស ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការគ្របដណ្ដប់សុខភាពជាសកល ជាអាទិភាពចម្បងមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាព ដោយផ្ដល់កិច្ចគាំពារយ៉ាងពេញលេញលើការថែទាំសុខភាព តាមរយៈបណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់គ្រួសារក្រីក្រ និងងាយរងហានិភ័យ និងបណ្ណបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) សម្រាប់មន្រ្ដីរាជការ កម្មករ និយោជិត និងបុគ្គលស្វ័យនិយោជន៍តាមរយៈភាគទានដោយស្ម័គ្រចិត្ត។ ទន្ទឹមនិងនេះរាជរដ្ឋាភិបាល ក៏កំពុងខិតខំពង្រឹងសមត្ថភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទាំងសមត្ថភាពមន្រ្ដី ឧបករណ៍វេជ្ជសាស្រ្ដផង។
សូមជម្រាបជូនថា រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ អង្គការសុខភាពពិភពលោក (WHO) ធ្វើជាម្ចាស់ផ្ទះរៀបចំ “វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្ដីពី សុខភាពសកល លើកទី៩” រៀបចំនៅ វិមានរដ្ឋសភាជាតិកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការគ្របដណ្ដប់សុខភាពជាសកលក្នុងយុគ្គសម័យ នៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសប្បនិម្មិត (AI)”។ វេទិកានេះ គឺជាព្រឹត្តការណ៍ថ្នាក់តំបន់ ដ៏មានសារៈសំខាន់ ដែលមានគណៈប្រតិភូសមាជិកសភា ដៃគូអភិវឌ្ឍ និងភ្ញៀវកិត្តិយសមកពី ១៥ប្រទេស ដើម្បីចូលរួមផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ និងលើកកម្ពស់សេវាសុខាភាពសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕ អត្ថបទ៖ លៀ ស៊ីណា