លោក Ng Wai Chiu គ្រូបង្វឹក Eastern District SA មកពីហុងកុង និងលោក Noor Ali គ្រូបង្វឹក Geylang International មកពីសិង្ហបុរី បានកោតសរសើរពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយ ហើយរីករាយដែលត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង អញ្ជើញមកលេងពានរង្វាន់ Pre-Season Cup 2026 នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនចាប់ផ្ដើមការប្រកួតពានរង្វាន់លក្ខណៈមិត្តភាពនេះ នៅល្ងាចថ្ងៃទី១១ ខែសីហា លោក Ng Wai Chiu បានសម្ដែងក្ដីរីករាយ នឹងការធ្វើដំណើរមកកម្ពុជាលើកដំបូង ជាមួយបរិយាកាសដ៏ល្អ ទាំងការស្នាក់នៅ ធ្វើដំណើរ និងអាកាសធាតុ។ ជាមួយគ្នាលោកបានសរសើរពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជាបច្ចុប្បន្ន បើធៀបកាលពី ១០ឆ្នាំមុន ហើយលោកក៏រីករាយនឹងការប្រកួតទល់ក្រុមខ្លាំងកម្ពុជា គឺក្រុមព្រះខ័នរាជស្វាយរៀង។

ដោយឡែកកីឡាករ Helio Jose De Souza Goncalves វិញថា ទោះបីជាការប្រកួតលក្ខណៈមិត្តភាព តែពួកគេនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលជាវិជ្ជមានសម្រាប់ក្រុម ក៏ដូចជាការត្រៀមរដូវកាលថ្មី នៃលីគកំពូលហុងកុងផងដែរ។

ចំណែកលោក Noor Ali បានចាត់ទុកការប្រកួត Pre-Season គឺជាពេលវេលាដ៏ល្អ ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី ដោយសារក្រុមនីមួយៗ សុទ្ធតែជាក្រុមល្អ ពិសេសក្រុមព្រះខ័នរាជស្វាយរៀង ។ បន្ថែមលើនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសរបៀបលេងដ៏ល្អ ជាមួយការប្រកួតប្រជែងកម្រិតខ្ពស់។ ដូច្នេះទើបលោកសម្រេចមកប្រកួតនៅទីនេះ ដោយមិនស្ទាក់ស្ទើរ គ្រាដែលកីឡាករ Joshua Pereira ក៏បានលើកឡើងស្រដៀងគ្នានឹងគ្រូបង្វឹករបស់ខ្លួនផងដែរ។

សម្រាប់ពានរង្វាន់ Pre-Season Cup 2026 ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀង នឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហាខាងមុខ ដោយមាន ៣ក្លិបមកពី ៣ប្រទេសចូលរួម ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្លិប Geylang International មុនគេ នាវេលាម៉ោង ៧យប់ថ្ងៃទី១២ ខែសីហា មុនក្រុមមកពីសិង្ហបុរីនេះ ត្រូវជួបក្រុម Eastern District នាថ្ងៃទី១៥ ខែសីហា និងការប្រកួតចុងក្រោយ ព្រះខ័នរាជស្វាយរៀង ត្រូវជួប Eastern District នាថ្ងៃទី១៨ ខែសីហា។ ក្រោយប្រកួតវិលជុំនេះ ក្រុមឈរលេខ១ និងលេខ២ នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២១ ខែសីហាខាងមុខ ខណៈសំបុត្រចូលទស្សនាក្លិបនឹងលក់ក្នុងតម្លៃត្រឹមតែ ៨០០០រៀលប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា





