ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ស្មារតីចង់ចាំរបស់ប្រជាពលរដ្ឋខ្មែរ មិនដែលបំភ្លេចចំពោះបងប្អូនជនភៀសសឹក ពិសេសពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងរស់នៅភូមិរង់ចាំ គឺជាគោលបំណងសំខាន់បំផុត ក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌ នៃកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ ដែលរៀបចំដោយក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានប្រកួតមិត្តភាពសប្បុរសធម៌ទល់នឹងក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការគាំទ្រពីថ្នាក់ដឹកនាំខេត្ត និងមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ រហូតកៀរគរបានថវិកាជិត ៥០លានរៀលសម្រាប់ត្រៀមនាំយកទៅជូនដល់ប្រជាពលរដ្ឋនៅភូមិរង់ចាំ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា កីឡាដើម្បីសុខភាព មិត្តភាព ជារឿងមួយ ហើយការកៀរគរថវិកាសម្រាប់អ្នកភូមិរង់ចាំជារឿងមួយ តែអ្វីដែលសំខាន់បំផុត គឺបង្ហាញថា ស្មារតីពលរដ្ឋខ្មែរ មិនដែលភ្លេចបងប្អូនជនភៀសសឹក ក៏ដូចជាវីរកងកម្លាំងជួរមុខឡើយ ។ ម្យ៉ាងក្នុងនាមផ្នែកមួយនៃខឿនការពារជាតិប្រជាជន គឺចង់បញ្ជាក់ពីការបន្ដគាំទ្ររាល់វិធានការ និងការសម្រេចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី ជាមួយប្រទេសជិតខាង ដើម្បីទាមទានូវយុត្តិធម៌ និងភាពស្របច្បាប់របស់កម្ពុជាត្រឡប់មកវិញ។
តបទៅនឹងការលើកឡើងថា ការរៀបចំព្រឹត្តិការណ៍កីឡា អាចបង្កការសប្បាយ ភ្លេចពីការឈ្លានពាន ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា នេះគ្រាន់តែជាមតិមួយចំនួនតូច តែអ្វីដែលជាទឹកចិត្ត និងស្មារតីរបស់អ្នកជួរក្រោយ ទោះបីសកម្មភាពតូចឬធំ ឲ្យតែធ្វើចេញពីចិត្តត្រូវតែធ្វើ ដើម្បីបង្ហាញពីការនឹករលឹក និងចងចាំបងប្អូនជនភៀសសឹកជានិច្ច។
គួរដឹងថា ការប្រកួតបាល់ទាត់សប្បុរសធម៌ ជាមួយក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ គឺជាការចាប់ផ្តើម និងជាផ្នែកមួយនៃកម្មវិធី «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» ដែលក្រុមបាល់ទាត់ ស.ស.យ.ក. អលស្ដារ ផ្តើមរៀបចំឡើង និងមានការសហការ គាំទ្ររៀបចំពីភាគីពាក់ព័ន្ធ រួមមានក្រុមបាល់ទាត់ដៃគូចំនួន១១ និងស្ថាប័នដៃគូដទៃទៀត។
តាមរយៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់មហាជន យុវជន និងសប្បុរសជនទាំងអស់ បន្តរួបរួមគ្នាក្នុងស្មារតី “ខឿនការពារជាតិ ប្រជាជន” គឺបន្តរួមគ្នា ចូលរួមចំណែកបន្ថែមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ភាពកក់ក្តៅ ក្តីស្រឡាញ់ និងក្តីរលឹក សម្រាប់បងប្អូនជនរួមជាតិទាំងអស់គ្នា ដោយក្រុមការងារនៃក្រុម ស.ស.យ.ក. អលស្ដារ នឹងចាប់ផ្ដើមទទួលថវិកា និងសម្ភារផ្សេងៗ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣០ ខែសីហាខាងមុខ មុនកម្មវិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ ជាមួយអ្នកភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា








