ការរៀបចំពានរង្វាន់មិត្តភាពត្រៀមរដូវកាលថ្មី ឬ Pre-Season នៅក្នុងស្រុក ដោយមានការអញ្ជើញក្លិបបាល់ទាត់បរទេសល្បីៗមកចូលរួម ត្រូវបានអ្នកគាំទ្រចាត់ទុកជាសញ្ញាណវិជ្ជមាន និងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជា។
នេះបើតាមការលើកឡើករបស់ទស្សនិកជន កំឡុងចូលរួមទស្សនាការប្រកួតពានរង្វាន់ Pre-Season Cup 2026 រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្រុម Geylang International FC របស់សិង្ហបុរី កាលពីរាត្រីថ្ងៃពុធកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
អ្នកគាំទ្របានបញ្ចេញទស្សនស្រដៀងៗគ្នាថា កន្លងមកក្លិបកម្ពុជាច្រើនចេញទៅបោះជំរុំ ក៏ដូចជាប្រកួត Pre-Season នៅក្រៅស្រុក តែពេលនេះ គឺជាជំហានថ្មីមួយ ដែលក្លិបនៅកម្ពុជា បានរៀបចំពាន Pre-Season ក្នុងស្រុក ហើយនាំយកក្លិបបរទេសមកប្រកួតថែមទៀត។ នេះមិនត្រឹមតែជាការកម្តៅសាច់ដុំរបស់ក្លិបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់កិត្យានុភាពកីឡាជាតិនៅលើឆាកអន្តរជាតិផងដែរ។
គួរដឹងថា ពានរង្វាន់ Pre-Season Cup 2026 ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀង គឺមាន ៣ក្លិប មកពី ៣ប្រទេសចូលរួម ក្នុងនោះមានក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង របស់កម្ពុជា, ក្រុម Eastern District មកពីហុងកុង និងក្រុមរបស់សិង្ហបុរី Geylang International FC ដែលត្រូវធ្វើការប្រកួតវិលជុំ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែសីហា ខណៈក្រុមឈរលេខ១ និងលេខ២ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២១ ខែសីហាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោតែមួយគត់៕ អត្ថបទ លី ឈុនឡា






