ក្លិប Chelsea បានកំណត់ថ្ងៃសុក្រ ជាថ្ងៃផុតកំណត់សម្រាប់ក្លិបណាដែលចាប់អារម្មណ៍ចង់បានខ្សែបម្រើ Enzo Fernandez ដោយត្រូវដាក់សំណើតម្លៃ ១២០ លានផោនទាបបំផុត។
កីឡាករជម្រើសជាតិអាហ្សង់ទីនវ័យ ២៥ ឆ្នាំរូបនេះ បានប្រឈមនឹងភាពមិនច្បាស់លាស់អំពីអនាគតនៅ Stamford Bridge ចាប់តាំងពីខែមីនា នៅពេលដែលគេបានបង្ហើបជាលើកដំបូងអំពីលទ្ធភាពផ្លាស់ទៅ Real Madrid។
នៅពេលនោះ ភ្នាក់ងាររបស់ Fernandez គឺ Javier Pastore បាននិយាយជាសាធារណៈថា កីឡាកររបស់លោកទទួលបានប្រាក់ឈ្នួលមិនសមស្រប និងចង់ចាកចេញ បន្ទាប់ពី Chelsea មានរដូវកាលដ៏លំបាក ដោយបញ្ចប់ត្រឹមលេខ១០ ក្នុង Premier League និងគ្មានពានរង្វាន់ បន្ទាប់ពីចាញ់ Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup។
នៅពេលនេះ នៅមិនទាន់ច្បាស់ថា Manchester City មានបំណងចំណាយតាមតម្លៃដែល Chelsea កំណត់ឬអត់ ខណៈក្លិបមកពី Etihad ក៏កំពុងចាប់អារម្មណ៍ខ្សែបម្រើសញ្ជាតិម៉ារ៉ុករបស់ Lille គឺ Ayoub Bouaddi ផងដែរ។
ថ្ងៃផុតកំណត់នេះមានគោលបំណងបញ្ចប់ភាពមិនច្បាស់លាស់ មុនពេលរដូវកាលថ្មីចាប់ផ្តើម។ Chelsea បានផ្តល់ពេលប្រហែល ៦០ ថ្ងៃ ដល់ Fernandez និងក្លិបដែលចាប់អារម្មណ៍ ដើម្បីបញ្ចប់ការផ្ទេរនៅតម្លៃដែល Chelsea ចាត់ទុកថាសមរម្យ។
ទោះជាយ៉ាងណា Chelsea ត្រូវបានគេយល់ថា មិនមានបញ្ហាក្នុងការរក្សា Fernandez ឡើយ ហើយក្លិបបានបញ្ជាក់ថា ពួកគេសុខចិត្តស្វាគមន៍គេត្រឡប់ចូលក្រុមពេញលេញ និងអនុញ្ញាតឱ្យគេបន្តជាកីឡាករសំខាន់របស់ក្រុម។
រដូវកាលមុន Fernandez រកបាន ១៥ គ្រាប់ និងប៉ះបញ្ជូន ៧ ក្នុងការបង្ហាញខ្លួន៥៤ ប្រកួតឱ្យ Chelsea។
បន្ទាប់មក គេបានជួយអាហ្សង់ទីនឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ប៉ុន្តែត្រូវបានបណ្តេញចេញពីការប្រកួត ខណៈអាហ្សង់ទីនបានចាញ់អេស្ប៉ាញ ០-១៕ អត្ថបទ៖នាង សុភាវុធ

