ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស.) ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
សូមជម្រាបថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស.) គឺជាស្ថាប័នថ្នាក់ជាតិឈានមុខគេមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ស្ថានភាពស្ត្រី សិទ្ធិសេរីភាព និងសមភាពយេនឌ័រនៅក្នុងសង្គម។
«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយសទី១ ។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង។
កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។
ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម។
រាជរដ្ឋាភិបាលកម្ពុជា តាំងពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន រហូតមកដល់នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតីតែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបញ្ហារបស់ស្ត្រី។ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់ឱ្យកាន់តែល្អប្រសើរ និងស្មើមុខស្មើមាត់ជាមួយបុរសនៅក្នុងសង្គម ហើយស្ត្រីកាន់តែច្រើនត្រូវបានបានបញ្ចូលទៅក្នុងតួនាទីថ្នាក់ដឹកនាំ និងការសម្រេចចិត្តនៅតាមក្រសួងស្ថាប័ននានា។
ជាក់ស្តែងនៅក្នុងស្ថាប័នកំពូលរបស់កម្ពុជាទាំងស្ថាប័ននីតិបញ្ញត្តិ និងប្រតិបត្តិស្ត្រីកាន់តែច្រើនត្រូវបានបញ្ចូលទៅក្នុងតួនាទីជាថ្នាក់ដឹកនាំ។ ក្នុងនោះស្ថាប័នរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ត្រូវបានបោះឆ្នោតជាប្រធានរដ្ឋសភា។
ដោយឡែកក្នុងស្ថាប័ននីតិប្រតិបត្តិសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លោកជំទាវ អ៊ឹង កន្ថាផាវី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រៅពីនោះមានស្ត្រីជាច្រើនត្រូវបានតែងតាំងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង… និងអភិបាលខេត្តជាដើម៕









