ការវិនិយោគរបស់បណ្ដាក្លិប ទាំងលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ពិសេសការ នាំចូល កីឡាករល្អៗមកពង្រឹងក្រុមត្រៀមរដូវកាលថ្មី បានធ្វើឲ្យអ្នកគាំទ្រមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា លីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងបើកការប្រកួត នាថ្ងៃទី៥ ខែកញ្ញាខាងមុខ នឹងកាន់តែកក្រើក និងជក់ចិត្តជាងមុន។

កំឡុងចូលរួមទស្សនាការប្រកួតបើកឆាកពានរង្វាន់ Pre-Season Cup 2026 ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀង កាលពីថ្មីៗ អ្នកគាំទ្របានលើកឡើងស្រដៀងៗគ្នា ចំពោះក្ដីរំពឹងនៃការវិលត្រឡប់មកវិញ នៃលីគកំពូលកម្ពុជា នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង បន្ទាប់ពីក្លិបស្ទើរទាំងអស់ បាននាំចូលកីឡាករល្អៗ និងមានគុណភាពខ្ពស់មកជួយក្រុម។
តាមរយៈការខំប្រឹងរបស់បណ្ដាក្លិបនានានេះ ពួកគេបានស្នើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិ ត្រៀមចូលរួមទស្សនាការប្រកួតលីគរដូវកាលថ្មីឲ្យបានច្រើនកុះករ នៅគ្រប់ទីលាន ដើម្បីផ្ដល់កម្លាំងចិត្តដល់ក្លិប ក៏ដូចជាកីឡាករ ពិសេសដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិបន្ថែមទៀត។
គួរដឹងថា លីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ គ្រោងនឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាថ្ងៃទី៥ ខែកញ្ញាខាងមុខ ដោយរក្សាបេក្ខភាពប្រកួតប្រជែងចំនួន ១១ក្លិបដដែល រួមមាន៖ អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, អឹម អូ អាយ កំពង់ដេវ៉ា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, ឡាយហ្វ ខេត្តព្រះសីហនុ និងវិសាខា។
សម្រាប់រដូវកាលថ្មីនេះដែរ នឹងប្រើប្រព័ន្ធប្រកួតដូចកាលពីរដូវកាលមុនដែរ ដោយបែងចែកជា ២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ត្រូវធ្វើការប្រកួតលក្ខណៈលីគសន្សំពិន្ទុ ២ជុំ និងដំណាក់កាលទី២ ត្រូវបែងចែក ៦ក្រុមខាងលើ(Top-6) ត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំទៀត ដើម្បីស្វែងរកក្រុមជើងឯក និងក្រុមខាងក្រោមទាំង ៥(Bottom-5) ត្រូវបន្ដការប្រកួតសន្សំពិន្ទុ ២ជុំដូចគ្នា៕ អត្ថបទ លី ឈុនឡា


