រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត Masaki Shirakawa នាយកមជ្ឈមណ្ឌលប្រើប្រាស់បរិស្ថានលំហអាកាស (Space EnvironmentUtilization Center) នៃទីភ្នាក់ងាររុកអាវកាសជប៉ុន - JAXA និងលេខាធិការដ្ឋាន Kibo-ABC (តាមប្រព័ន្ធវីដេអូ) តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ-មន្ត្រីរាជការ ក.ប.ទ. សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិតមកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានា សរុបប្រមាណ ៣៥០រូប នៅសាលសន្និសីទ នៃ ក.ប.ទ.។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកសិក្ខាសាលានាឱកាសនេះ គឺជាការចាប់ផ្តើមដំបូងនៃការផ្សព្វផ្សាយ ការបញ្រ្ជាបការយល់ដឹង និងត្រៀមខ្លួនសម្រាប់ទទួលយកការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាសរបស់សិស្ស-និស្សិត ហើយក៏ជាការត្រៀមខ្លួនសម្រាប់ថ្ងៃអនាគតដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះមកប្រើប្រាស់បម្រើដល់វិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្ដមរដ្ឋមន្ត្រី បានរំឭក អំពីប្រវត្តិបច្ចេកវិទ្យាផ្កាយរណបនៅកម្ពុជា ដែលធ្លាប់ ដំណើរការ ស្ថានីយផ្កាយរណបលើដី សម្រាប់សេវាទូរសព្ទអន្តរជាតិកាលពីឆ្នាំ១៩៨៧ ហើយត្រូវជំនួសវិញនៅឆ្នាំ២០០០ ដោយបច្ចេកវិទ្យាទូរគមនាគមន៍ថ្មីៗ អស់រយៈពេលជាងពីរទស្សវត្សរ៍មកហើយ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាក្រសួងកំពុងពន្លឿនការរៀបចំក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការមេ ផ្នែកផ្កាយរណប និងលំហអាកាស ព្រមទាំងគិតគូរលើការបណ្តុះបណ្តាលធនធានមនុស្ស រួមមាន ការបណ្តុះបណ្តាលបន្ថែមដល់ធនធានមនុស្សដែលមានស្រាប់ ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញផ្កាយរណប និងលំហអាកាស (ទម្រង់ Fast Track) នៅក្នុងស្រុក និងបានជ្រើសរើសយុវជនកម្ពុជាចំនួន ៤៨រូប ដើម្បីទៅសិក្សានៅប្រទេសចិន ឥណ្ឌា និងបារាំងផងដែរ៕






