នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃគណៈចលនាមហាជន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជន និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើ ការងារមហាជន ក្រុង ស្រុក ឃុំ សង្កាត់» ខេត្តកំពង់ស្ពឺ។
ពិធីនេះមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈចលនាមហាជន ប្រធានគណៈចលនាជំនាញ អគ្គលេខាធិការរង ប្រធានគណៈចលនាមហាជនខេត្ត និងសិក្ខាកាមដែលបានទទួលវគ្គបណ្តុះបណ្តាលប្រមាណជាង ៤៣០នាក់ ដែលបានប្រព្រឹត្តទៅនៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជាម ច័ន្ទសោភ័ណ ប្រធានគណៈចលនាមហាជនគណបក្សខេត្តកំពង់ស្ពឺ បានឡើងថ្លែងមតិស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបានរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំវគ្គបណ្ដុះបណ្ដាលជនបង្គោលការងារមហាជនគណបក្សខេត្តកំពង់ស្ពឺ ដែលបានបញ្ជាប់ទៅដោយជោគជ័យ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ជនបង្គោលការងារមហាជនទាំងអស់ទទួលបានចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងយន្តការការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង សម្របសម្រួល និងចុះអនុវត្តការងារជាក់ស្តែងនៅមូលដ្ឋាន។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងចំនួន ០៧ វគ្គ ដោយក្នុងមួយវគ្គមានរយៈពេល ០២ ថ្ងៃ។ ចាប់ពីវគ្គទី១ រហូតដល់វគ្គទី៧ វគ្គបណ្ដុះបណ្ដាលត្រូវបានបើកជាបន្តបន្ទាប់ ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៦ ហើយបានបញ្ចប់ដោយជោគជ័យ ស្របតាមកម្មវិធី និងផែនការដែលបានគ្រោងទុក៕







