ប្រភពពីក្រុមហាម៉ាស បានឲ្យដឹងថា លោក Khalil al-Hayyaគឺជាមេដឹកនាំក្រុមហាម៉ាស និងជាអ្នកចរចាដ៏សំខាន់មួយរូប នឹងធ្វើដំណើរទៅកាន់ទីក្រុងគែ សម្រាប់កិច្ចប្រជុំជាមួយក្រុមមន្រ្តីអេហ្ស៊ីប មុនដំណើរទស្សនកិច្ចតាមការគ្រោងទុកមកកាន់តំបន់មជ្ឈិមបូព៌ារបស់លោក Jared Kushner ដែលជាប្រេសិតពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
ប្រភពពីក្រុមហាម៉ាស បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFP និង Anadolu ថា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអេហ្ស៊ីប ចាប់តាំងពីទទួលយកតំណែងជាមេដឹកនាំក្រុមហាម៉ាសកាលពីចុងខែកក្កដា លោក al-Hayya ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានចារកម្មអេហ្ស៊ីបលោក Hassan Rashad ។
សូមបញ្ជាក់ថា នៅសប្តាហ៍ក្រោយ លោក Kushner ដែលត្រូវជាកូនប្រសារប្រុសរបស់លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីប នៅក្នុងកិច្ចខិតខំមួយ ដើម្បីបង្រួមការខ្វែងគំនិតគ្នាលើផែនការតំបន់ហ្កាហ្សាដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានច្រានចោល ។
ដំណើរទស្សនកិច្ចរបស់លោក Kushner បានកើតឡើង ក្រោយការច្រានចោលជាសាធារណៈរបស់លោក Netanyahu ចំពោះផែនការ ១៥ចំណុច ដែលក្រុមហាម៉ាស យល់ព្រមប្រគល់អាវុធឲ្យគណៈកម្មាធិការអភិបាលកិច្ចថ្មីប៉ាឡេស្ទីន ៕

