ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជហឬទ័យស្តេចយាងសម្ភោធអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងប្រាប់ BTV ថា តាមការគ្រោងទុកព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះអង្គព្រះរាជហឬទ័យស្តេចយាងសម្ភោធអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ដូចដែលបានដឹងគ្រោងសម្ពោធយូរហើយ ប៉ុន្តែនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ គឺជាពេលវេលាដែលព្រះករុណាជាអង្គម្ចាស់ព្រះសព្វព្រះរាជហឫទ័យ។ វិមានសាមគ្គីភាពដែលបានបញ្ចប់នៅការសាងសង់រួចរាល់នៅដើមឆ្នាំ២០២៦ គឺជាវិមានដែលបានកសាងឡើងដោយផ្អែកតាមរចនាបទរបស់ខ្មែរទាំងស្រុង។ ហើយវិស្វករជំនាញដែលសាងសង់វិមានសាមគ្គីភាព គឺជាវិស្វករខ្មែរទទាំងអស់។ ដែលនេះបង្ហាញពីស្នាដៃរបស់វិស្វករខ្មែរ ក៏ដូចជាការកសាងវិមានសាមគ្គីភាពដែលក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា។ ហើយវិមានសាមគ្គីភាពនេះ គឺជាតំណាងឲ្យភាពសាមគ្គីរបស់ខ្មែរទាំងអស់ ដូចដែលបានដឹងហើយថា វិមានសាមគ្គីភាពនេះបានកសាងឡើងដោយមានការចូលរួមពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ ហើយវិមានសាមគ្គីភាពនេះជាកន្លែងមួយដែលជួបប្រជុំគ្នា ដូចដែលបានដឹងថានៅក្នុងព្រឹទ្ធសភាមានគណបក្សផ្សេងៗ ក៏ប៉ុន្តែមកជុំគ្នានៅវិមានសាមគ្គីភាព ឬក៏ព្រឹទ្ធសភា ដូច្នះហើយបានជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដាក់ឈ្មោះនៃវិមាននេះថាជាវិមានសាមគ្គីភាព។
សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីពិធីក្រុងពលី និងសូត្រមន្តឡើងអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ អគារព្រឹទ្ធសភាថ្មី មានទំហំបណ្ដោយ៧៩ម៉ែត្រ ទទឹង៤៧ម៉ែត្រ កម្ពស់៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
អាគារវិមានសាមគ្គីភាព ព្រឹទ្ធសភា មានលក្ខណៈសំខាន់ៗដូចជា៖ជាន់ផ្ទាល់ដីមានបន្ទប់ធំមួយរបស់នាយកដ្ឋានបណ្ណាល័យសម្រាប់រៀបចំសៀវភៅផ្សេងៗ ឃ្លាំងដាក់សៀវភៅបន្ទប់ប្រចាំការ និងបន្ទប់គណៈបញ្ជាការអង្គរក្ស បន្ទប់ Server បន្ទប់បច្ចេកទេស បន្ទប់ទឹក នារី និងបុរស និងសន្តិសុខ និងបន្ទប់ផ្សេងៗទៀត។ ជាន់ទី១ មានបន្ទប់ Hall ធំ សម្រាប់ត្រួតពល សាលជប់លៀង និងអាចប្រើប្រាស់សម្រាប់កិច្ចប្រជុំធំៗ បន្ទប់សន្និសីទកាសែត បន្ទប់ដាក់វត្ថុអនុស្សាវរីយ៍ បន្ទប់ប្រើប្រាស់ពហុបំណង បន្ទប់រង់ចាំសម្រាប់ភ្ញៀវ បន្ទប់រៀបចំអាហារ បន្ទប់ទឹកនារី បុរស ឆ្វេងស្ដាំ និងបន្ទប់ជាន់ឡៅតឿមានបន្ទប់បកប្រែ និងមានបន្ទប់ផ្សេងទៀត។ ជាន់ទី២ មានបន្ទប់ការិយាល័យ បន្ទប់ទទួលភ្ញៀវបន្ទប់សម្រាកសម្រាប់ សម្ដេចប្រធានព្រឹទ្ធសភា សាលសម្រាប់ជូនសារតាំង ឬរៀបចំពិធីផ្សេងៗ សាលជប់លៀង ដោយដាក់បានមនុស្ស២២នាក់ បន្ទប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងប្រជុំទ្វេភាគី កន្លែងចាប់ដៃ និងថតរូបពេលប្រជុំទ្វេភាគី បន្ទប់ក្រុមសារព័ត៌មាន បន្ទប់ការិយាល័យបេសកជនពិសេស បន្ទប់ការិយាល័យ និងបន្ទប់សម្រាកសម្រាប់នាយកខុទ្ទកាល័យ ការិយាល័យនាយករងខុទ្ទកាល័យ ទីប្រឹក្សា ពិធីការ ជំនួយការ និងមន្ត្រីខុទ្ទកាល័យសម្ដេចតេជោ បន្ទប់ទឹកបុរសនារី និងបន្ទប់ផ្សេងៗទៀត។ ជាន់ទី៣ មានសាលប្រជុំធំសម្រាប់គណៈអចិន្ត្រៃយ៍ទ្វេភាគី ប្រជុំរួម និងប្រជុំផ្សេងៗ បន្ទប់បច្ចេកទេស បន្ទប់រង់ចាំ បន្ទប់ទឹកបុរស នារី និងបន្ទប់ផ្សេងៗទៀត៕ អត្ថបទ៖ វង្ស សុភាព


