ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ។
យោងតាមទំព័រFacebookសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅមុននេះបន្តិចថា “ថ្ងៃទី១០ ឧសភា នេះខ្ញុំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២” ។
សម្តេចតេជោ ហ៊ុន សែន. បញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក សម្តេចនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួនព្រមទាំងបងប្អូនខ្មែរអាមេរិកាំងដែលរស់នៅទីនោះកំពុងរងចាំទទួលសម្តេច។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងកូវីដ១៩ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕








