រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានដាស់តឿនប្រជាជនរុស្សីឲ្យប្រយុទ្ធនៅក្នុងសុន្ទរកថាថ្ងៃជ័យជម្នះកាលពីថ្ងៃចន្ទ ៩ ឧសភា ប៉ុន្តែពុំបានលើកឡើងអំពីផែនការ សម្រាប់ការកើនឡើងភាពតានតឹងណាមួយនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ទោះបីជាមានការព្រមានពីលោកខាងលិចថា លោកអាចនឹងប្រើសុន្ទរកថានៅទីលានចតុរង្គក្រហម ដើម្បីបញ្ជាឲ្យមានចល័តកម្លាំងទូទាំងប្រទេសក៏ដោយ។

នៅក្នុងប្រទេសអ៊ុយក្រែននៅតែមានការប្រយុទ្ធគ្នាឥតឈប់ឈរនៅឡើយ ដោយមានការវាយប្រហារដោយមីស៊ីល ដែលបានបំផ្លិចបំផ្លាញអគារនានានៅកំពង់ផែភាគខាងត្បូងទីក្រុង Odesa និងការវាយរុលទៅមុខជាថ្មីពីសំណាក់កងកម្លាំងរុស្ស៊ីដើម្បីកម្ចាត់កងទ័ពអ៊ុយក្រែនចុងក្រោយ ដែលគ្រប់គ្រងនៅក្នុងរោងចក្រដែកថែបនៅក្នុងទីក្រុង Mariupol ដែលត្រូវបានបំផ្លាញ។ ក្បួនព្យុហយាត្រាប្រចាំឆ្នាំកាលពីថ្ងៃចន្ទនៅទីក្រុង Moscow អមដោយមីស៊ីលផ្លោងបាលីស្ទិក និងរថក្រោះធម្មតាត្រូវបានគេមើលយ៉ាងច្បាស់បំផុត ចាប់តាំងពីការបរាជ័យរបស់ពួកណាស៊ីឆ្នាំ១៩៤៥ ដែលរុស្ស៊ីតែងប្រារព្ធនាពេលកន្លងមក។

បណ្ដារដ្ឋធានីលោកខាងលិចបានប៉ាន់ប្រមាណដោយបើកចំហជាច្រើនសប្តាហ៍មកនេះថា លោក Putin កំពុងជំរុញកងកម្លាំងរបស់លោកសម្រេចឲ្យបាននូវវឌ្ឍនភាពគ្រប់គ្រាន់ ត្រឹមកាលបរិច្ឆេទជានិមិត្តរូបថ្ងៃទី៩ ឧសភាដើម្បីប្រកាសជ័យជម្នះក្នុងសង្គ្រាមអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីពុំបានប្រកាសអ្វីទេ ក្រៅតែពីការអះអាងដដែលៗថា កម្លាំងរបស់លោកកំពុងប្រយុទ្ធប្រឆាំងនឹងពួកណាស៊ីជាថ្មីទៀត។ នៅក្នុងសុន្ទរកថាទិវាជ័យជម្នះនោះដែរ លោក Putin បានស្ដីបន្ទោសបណ្ដាប្រទេសលោកខាងលិចថា ជាដើមហេតុនាំឲ្យមានសង្គ្រាមនៅអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន