តំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (ICCI) ថ្លែងថា ក្រុមហ៊ុនកូរ៉េធំៗមួយចំនួន បានបង្ហាញបំណងក្នុងការមកបោះទុន វិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យផលិតគ្រឿងសង្ហារិម និងការកែច្នៃកសិផល បន្ទាប់ពីគណៈប្រតិភូកម្ពុជា បើកយុទ្ធនាការផ្សព្វ ផ្សាយវិនិយោគនៅប្រទេសកូរ៉េកន្លងមក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបពិភាក្សា ការងារ និងសម្តែងការគួរសម ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (ICCI) ដឹកនាំដោយលោក Park Joo-bon នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ, ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈ័ន ដែលបានសម្របសម្រួលលើការរៀបចំ «វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦» កាលពីចុងខែមិថុនា កន្លងទៅ។

ក្នុងជំនួបនោះ, លោក Park Joo-bon ក៏ជម្រាបពីភាពជោគជ័យនៃយុទ្ធនាការផ្សព្វផ្សាយវិនិយោគកន្លងមក ដែលក្នុងនោះ មានបណ្តាញសារព័ត៌មានកូរ៉េចំនួន ៣៨ ស្ថាប័ន បានចុះផ្សាយ និងបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគ និងសហគមន៍ធុរកិច្ចកូរ៉េ អំពីសក្តានុពលរបស់កម្ពុជា និងបានបង្ហាញអំពីបំណងលើការមកបោះទុនវិនិយោគនៅកម្ពុជា ដោយផ្តោត លើវិស័យផលិតគ្រឿងសង្ហារិម និងការកែច្នៃកសិផល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះធ្វើការចែករំលែក អំពីការវាយតម្លៃលើបរិយាកាសធុរកិច្ចល្អរបស់កម្ពុជា នៅ ក្នុងតំបន់អាស៊ាន ពីសំណាក់ស្ថាប័នព័ត៌មានអាម៉េរិក ហើយក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈខ្ពស់ ក្នុងការបន្តធ្វើឱ្យកាន់ តែប្រសើរឡើងជាលំដាប់ ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែមទៀត។ ឯកឧត្តមក៏បានជម្រាបអំពីកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយនឹងការធ្វើជា ម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញា ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងមានការចូល រួមពីគណៈប្រតិភូអន្តរជាតិជុំវិញពិភពលោក ក៏ដូចជាគណៈប្រតិភូពី FBI ផងដែរ។

លោកប្រធាន ICCI បានជម្រាបអំពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសជំនាញ ក្នុងនោះលោកបញ្ជាក់ឱ្យ ដឹងថា នឹងមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយរំពឹងថា នឹងទទួលបានការតម្រង់ទិស និងគាំទ្របន្ថែមពី ក.អ.ក. ផងដែរ។
ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងនេះ និងបានជម្រាបជូន គណៈប្រតិភូ Incheon CCI ថា ក.អ.ក. ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្របសម្រួល សំដៅជំរុញ ឱ្យគម្រោងនេះលេចរូបរាងឡើង ដើម្បីជាប្រយោជន៍លើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ជំនាញបច្ចេកទេសកម្លាំងពលកម្ម កម្ពុជា ឱ្យចំទិសដៅទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញរបស់អ្នកវិនិយោគកូរ៉េនៅកម្ពុជានាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី


