ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Eastern District FC ក្នុងវគ្គវិលជុំសន្សំពិន្ទុ ក្នុងពានរង្វាន់មិត្តភាពអន្ដរជាតិ Pre-Season Cup 2026 នាវេលាម៉ោង ៧យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ មុនក្រុមទាំងពីរ ត្រូវជួបគ្នាជាថ្មី នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃសុក្រចុងសប្ដាហ៍នេះ។
ពានរង្វាន់មិត្តភាពបើករដូវកាល ដែលរៀបចំដោយក្រុមជើងឯកលីគកំពូលកម្ពុជានេះ មាន ៣ក្រុមមកពី ៣ប្រទេសចូលរួម ខណៈ ១ក្រុមទៀត គឺក្លិប Geylang International FC របស់សិង្ហបុរី ដែលពួកគេបានអស់ឱកាសឡើងវគ្គបន្ដ ក្រោយរងបរាជ័យទល់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្រុម Eastern District FC កាលពីថ្មីៗ។
ដូច្នេះព្រះខ័នរាជស្វាយរៀង និង Eastern District FC បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ប៉ុន្ដែមុនជួបគ្នាដណ្ដើមពានរង្វាន់ Pre-Season Cup 2026 ពួកគេត្រូវជួបគ្នាបង្គ្រប់កិច្ចវគ្គសន្សំពិន្ទុវិលជុំ នៅរាត្រីថ្ងៃទី១៨ ខែសីហានេះសិន មុនជួបគ្នាជាថ្មី ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក នាថ្ងៃទី២១ ខែសីហា នៅពហុកីឡដ្ឋានជាតិមរតកតេជោតែមួយគត់៕ អត្ថបទ លី ឈុនឡា

