រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង» ស្លាកស្នាម​នៃសកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធរបស់យោធាថៃ​លើបេតិកភណ្ឌពិភពលោក

2026/08/18 12:49:17 pm        159

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកថា ប្រាសាទព្រះវិហារ បានឈរជាសាក្សីនៃអរិយធម៌ខ្មែរអស់រយៈពេលជិតមួយសហស្សវត្សរ៍ និងត្រូវបានពិភពលោកទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌដែលមានតម្លៃលេចធ្លោជាសកល។ ប៉ុន្តែ នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃនៅឆ្នាំ២០២៥ សំណង់ដែលបានឆ្លងកាត់ពេលវេលារាប់សតវត្សរ៍មួយនេះ មិនអាចគេចផុតពីគ្រាប់ផ្លោង និងផលវិបាកនៃប្រតិបត្តិការយោធាបានឡើយ។

ឯកឧត្តមបន្តថា ការខូចខាតនៅប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការអះអាងរបស់កម្ពុជានោះទេ។ របាយការណ៍របស់អង្គភាពជំនាញបានកត់ត្រាអំពីភាពធ្ងន់ធ្ងរនៃការខូចខាត៖ ធាតុស្ថាបត្យកម្មត្រូវបានបំផ្លាញ ឬផ្លាស់ទីយ៉ាងធ្ងន់ធ្ងរដោយការបាញ់ផ្ទាល់ ចម្លាក់លម្អ និងសិលាចារឹកត្រូវបានខូចខាត ឬបាត់បង់ ហើយឥទ្ធិពលនៃការផ្ទុះបានប៉ះពាល់ទាំងលើតួប្រាសាទ និងជ្រោះថ្មជុំវិញ ដែលបង្កការគំរាមកំហែងដល់បូរណភាព ភាពពិតប្រាកដ និងតម្លៃលេចធ្លោជាសកលរបស់សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។

ឯកឧត្តមថ្លែងថា៖«នេះជាការពិតដែលមិនអាចលុបបំបាត់ដោយវោហាសាស្ត្រណាមួយបានទេ។ នៅពេលថ្មប្រាសាទបាក់បែក ចម្លាក់ត្រូវខូចខាត សិលាចារឹកបាត់បង់ និងសំណល់គ្រាប់យុទ្ធភណ្ឌនៅតែត្រូវបានរកឃើញក្នុងតំបន់បេតិកភណ្ឌ ភស្តុតាងនៅលើដីនិយាយខ្លាំងជាងការអះអាងណាមួយ»។

ឯកឧត្តមបានបញ្ជាក់ថា តួលេខដែលប្រាប់រឿងរ៉ាវនៃការខូចខាតទំហំនៃការខូចខាត និងផលវិបាកនៃជម្លោះត្រូវបានបង្ហាញកាន់តែច្បាស់តាមរយៈប្រតិបត្តិការសង្គ្រោះបន្ទាន់ដែលកម្ពុជាបានអនុវត្តដោយមានកិច្ចសហការជាមួយដៃគូអន្តរជាតិ។ ផ្ទៃដីប្រមាណ ៤០ ហិកតា ក្នុងតំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ត្រូវបានបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងប្រតិបត្តិការនោះ គេបានរកឃើញ និងបោសសម្អាត គ្រាប់បែកចង្កោមចំនួន ៩៧ គ្រាប់ គ្រាប់មិនទាន់ផ្ទុះចំនួន ៨៤ គ្រាប់ និងបំណែកគ្រាប់កាំភ្លើងធំចំនួន ១៧ ៩៣៧ បំណែក។

ទន្ទឹមនឹងនេះ តួប្រាសាទទាំងមូលត្រូវបានចងក្រងឯកសារអំពីស្ថានភាពរបស់វា។ ការពង្រឹងស្ថិរភាពរចនាសម្ព័ន្ធត្រូវបានអនុវត្តនៅ ២០ ទីតាំងសំខាន់ៗ ហើយថ្ម និងបំណែកស្ថាបត្យកម្មមានចម្លាក់ ជាង ៦០ ០០០ បំណែក ត្រូវបានកំណត់អត្តសញ្ញាណ និងប្រមូលរក្សាទុក។

តួលេខទាំងនេះមិនមែនជាស្ថិតិស្ងួតៗនោះទេ។ នៅពីក្រោយបំណែកថ្មនីមួយៗ គឺជាផ្នែកមួយនៃស្ថាបត្យកម្ម សិល្បៈ ប្រវត្តិសាស្ត្រ និងការចងចាំរបស់មនុស្សជាតិ។ ថ្មដែលបាក់អាចត្រូវបានប្រមូល។ សំណង់ដែលខូចអាចត្រូវបានពង្រឹង។ ប៉ុន្តែតម្លៃប្រវត្តិសាស្ត្រដែលត្រូវបានបំផ្លាញ មិនអាចផលិតឡើងវិញដូចវត្ថុថ្មីក្នុងរោងចក្របានឡើយ។

ឯកឧត្តមបន្ថែមថា បេតិកភណ្ឌមិនមែនជាគោលដៅនៃសង្គ្រាម៖ ប្រាសាទព្រះវិហារមិនមែនគ្រាន់តែជាប្រាសាទរបស់កម្ពុជាទេ។ ការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានន័យថា តម្លៃរបស់វាឆ្លងផុតព្រំដែនជាតិ និងជាកេរដំណែលដែលមានសារៈសំខាន់ចំពោះមនុស្សជាតិទាំងមូល។ ហេតុនេះ ការខូចខាតដល់ប្រាសាទព្រះវិហារ មិនមែនជាការបាត់បង់របស់កម្ពុជាតែម្នាក់ឯងទេ ប៉ុន្តែជាការបាត់បង់ចំពោះបេតិកភណ្ឌរួមរបស់មនុស្សជាតិ។

ឯកឧត្តមរដ្ឋមន្រ្ដីបន្តថា ការការពារសម្បត្តិវប្បធម៌នៅក្នុងពេលមានជម្លោះប្រដាប់អាវុធ មិនមែនជាជម្រើសនយោបាយទេ។ វាជាកាតព្វកិច្ចដែលត្រូវបានទទួលស្គាល់នៅក្រោមច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍នៃច្បាប់មនុស្សធម៌អន្តរជាតិដែលទាមទារឱ្យភាគីជម្លោះគោរព និងការពារសម្បត្តិវប្បធម៌ពីផលប៉ះពាល់នៃប្រតិបត្តិការយោធា។

សម្បត្តិវប្បធម៌ដែលមានតម្លៃពិសេសសម្រាប់មនុស្សជាតិ ត្រូវការការប្រុងប្រយ័ត្ន និងការការពារខ្ពស់។ ដូច្នេះ នៅពេលតំបន់បេតិកភណ្ឌពិភពលោកត្រូវរងការខូចខាតដោយប្រតិបត្តិការយោធា សំណួរមិនមែនមានត្រឹមថា «អ្វីខ្លះបានបាក់បែក?» ប៉ុណ្ណោះទេ។ សំណួរដែលសហគមន៍អន្តរជាតិត្រូវសួរផងដែរគឺ៖ តើហេតុអ្វីបានជាបេតិកភណ្ឌពិភពលោកមួយនេះត្រូវបានទុកឱ្យប្រឈមនឹងគ្រាប់ផ្លោង? តើវិធានការប្រុងប្រយ័ត្នដែលច្បាប់អន្តរជាតិតម្រូវត្រូវបានអនុវត្តដែរឬទេ? ហើយតើអ្នកណាត្រូវទទួលខុសត្រូវចំពោះការខូចខាតដែលបានកើតឡើង?

ឯកឧត្តមបន្ថែមថា បញ្ហានេះក៏មានវិសាលភាពលើសពីប្រាសាទព្រះវិហារ៖ កម្ពុជាបានទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកទៅលើសកម្មភាពឯកតោភាគីរបស់អាជ្ញាធរស៊ីវិល និងយោធាថៃនៅក្នុងទឹកដីកម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានប៉ះពាល់មិនត្រឹមតែប្រាសាទព្រះវិហារ ប៉ុន្តែថែមទាំង ប្រាសាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងរូបសំណាកព្រះវិស្ណុនៅខាងកើតប្រាសាទព្រះវិហារ ផងដែរ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា សកម្មភាពទាំងនេះរួមមានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសំណល់បុរាណវិទ្យា ការបង្កការខូចខាតធ្ងន់ធ្ងរដល់ទីតាំងបេតិកភណ្ឌ និងការចុះបញ្ជីប្រាសាទកម្ពុជាមួយចំនួនក្នុងបញ្ជីបុរាណដ្ឋានជាតិរបស់ថៃ។

កម្ពុជាបានព្រមានថា សកម្មភាពទាំងនេះមើលទៅមានបំណងផ្លាស់ប្តូរស្ថានភាពដែលមានស្រាប់នៅលើដី បង្កើតស្ថានភាព fait accompli និងធ្វើឱ្យចុះខ្សោយដល់ការគ្រប់គ្រង ការអភិរក្ស និងការថែរក្សាទីតាំងវប្បធម៌ទាំងនេះរបស់កម្ពុជាដែលមានជាយូរមកហើយ។ បេតិកភណ្ឌមិនអាចត្រូវបានប្រើជាឧបករណ៍សម្រាប់បង្កើតការអះអាងទឹកដី ហើយការគ្រប់គ្រងដោយកម្លាំងមិនអាចបង្កើតសិទ្ធិស្របច្បាប់លើបេតិកភណ្ឌរបស់រដ្ឋមួយផ្សេងទៀតបានឡើយ។

ឯកឧត្តមរដ្ឋមន្រ្ដីសង្គត់ធ្ងន់ថា ភស្តុតាងមិនអាចត្រូវបានលុបបំបាត់ដោយវោហាសាស្ត្រ៖ ការបកស្រាយ និងហេតុផលដែលយោធាថៃបានលើកឡើងដើម្បីការពារប្រតិបត្តិការរបស់ខ្លួន មិនអាចលុបបំបាត់ភស្តុតាងជាក់ស្តែងនៅលើដីបានឡើយ។ បំណែកស្ថាបត្យកម្មដែលបាក់បែក ស្នាមខូចខាតដោយការផ្ទុះ សំណល់គ្រាប់យុទ្ធភណ្ឌ និងការងារសង្គ្រោះបន្ទាន់ដ៏ធំធេងនៅតំបន់ប្រាសាទ គឺជាភស្តុតាងរូបវន្តដែលត្រូវឆ្លើយតបដោយការពិត និងការទទួលខុសត្រូវ មិនមែនដោយការបដិសេធ ឬការបកស្រាយដើម្បីគេចវេះពីផលវិបាកនៃសកម្មភាពយោធានោះទេ។ គ្រាប់ផ្លោងមិនអាចត្រូវបានបម្លែងទៅជាវោហាសាស្ត្រ។ ថ្មដែលបាក់បែកមិនអាចត្រូវបានបដិសេធដោយសេចក្តីថ្លែងការណ៍។ ហើយសំណល់គ្រាប់យុទ្ធភណ្ឌដែលត្រូវបានរកឃើញនៅលើដី មិនអាចរលាយបាត់ដោយការបដិសេធនោះឡើយ។ ការទទួលខុសត្រូវចំពោះបេតិកភណ្ឌពិភពលោកត្រូវចាប់ផ្តើមពីការទទួលស្គាល់ការពិត និងការធានាថា សកម្មភាពដែលបង្កហានិភ័យដល់បេតិកភណ្ឌនោះនឹងមិនកើតឡើងម្តងទៀត។

ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា ថ្មអាចជួសជុលបាន តែប្រវត្តិសាស្ត្រដែលបាត់បង់មិនអាចបង្កើតឡើងវិញ៖កម្ពុជាបានចាត់វិធានការសង្គ្រោះបន្ទាន់តាមរយៈអាជ្ញាធរជាតិព្រះវិហារ ដោយសហការជាមួយដៃគូអន្តរជាតិ។ ការបោសសម្អាតសំណល់ជាតិផ្ទុះ ការកត់ត្រាស្ថានភាពតួប្រាសាទ ការពង្រឹងរចនាសម្ព័ន្ធ និងការប្រមូលបំណែកស្ថាបត្យកម្មរាប់ម៉ឺនបំណែក បង្ហាញពីការប្តេជ្ញាចិត្តក្នុងការរក្សាតម្លៃលេចធ្លោជាសកលរបស់ប្រាសាទ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកក៏ដោយ។ ប៉ុន្តែ ពិភពលោកមិនគួររង់ចាំឱ្យប្រាសាទត្រូវរងគ្រាប់ផ្លោង រួចទើបប្រមូលបំណែកថ្មឡើងវិញទេ។ ពិភពលោកមិនគួររង់ចាំឱ្យចម្លាក់ត្រូវខូចខាត រួចទើបនិយាយពីការអភិរក្សទេ។ ពិភពលោកក៏មិនគួររង់ចាំឱ្យបេតិកភណ្ឌដែលមិនអាចជំនួសបានត្រូវបាត់បង់ រួចទើបរំឭកពីកាតព្វកិច្ចការពារបេតិកភណ្ឌនោះដែរ។

ការស្ដារ និងជួសជុលថ្មឡើងវិញមិនគ្រប់គ្រាន់ទេ ប្រសិនបើមូលហេតុដែលធ្វើឱ្យថ្មទាំងនោះបាក់បែកមិនត្រូវបានទប់ស្កាត់។ នេះហើយជាមូលហេតុដែលកម្ពុជាបានអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្តគាំទ្រការស្ដារ និងការអភិរក្សរយៈពេលវែងនៃប្រាសាទព្រះវិហារ បន្តតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពអភិរក្ស និងជំរុញឱ្យមានលក្ខខណ្ឌដែលធានាការចូលទៅកាន់តំបន់ដោយសុវត្ថិភាព និងគ្មានការរំខាន សម្រាប់អ្នកជំនាញអភិរក្ស ក្រុមឆ្លើយតបបន្ទាន់ និងសហគមន៍មូលដ្ឋាន។

ប្រាសាទព្រះវិហារបានឈរឆ្លងកាត់ពេលវេលារាប់សតវត្សរ៍។ វាបានរស់រានមានជីវិតឆ្លងកាត់ការផ្លាស់ប្តូរនៃអាណាចក្រ ព្រំដែន និងប្រវត្តិសាស្ត្រ។ វាមិនគួរត្រូវបានទុកឱ្យក្លាយជាសាក្សីស្ងៀមស្ងាត់នៃការខូចខាតដោយសកម្មភាពឈ្លានពានប្រដាប់អាវុធនៅសតវត្សទី២១ នេះឡើយ។

ប្រាសាទព្រះវិហារមិនត្រូវការការអាណិតអាសូរបន្ទាប់ពីការបំផ្លាញទេ។ វាត្រូវការការការពារមុនពេលការបំផ្លាញកើតឡើង។ ការពារប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការពារអតីតកាលរបស់កម្ពុជាទេ។ វាគឺជាការការពារកេរដំណែលរួមរបស់មនុស្សជាតិ ការពារគោលការណ៍នៃច្បាប់ និងការពារសិទ្ធិរបស់មនុស្សជំនាន់ក្រោយក្នុងការទទួលបានបេតិកភណ្ឌដែលមនុស្សជំនាន់នេះមានកាតព្វកិច្ចប្រគល់ជូនពួកគេដោយសន្តិភាព។ ថ្មអាចត្រូវបានជួសជុល។ ប៉ុន្តែប្រវត្តិសាស្ត្រដែលត្រូវបានបំផ្លាញមិនអាចផលិតឡើងវិញបានឡើយ។ ហើយបេតិកភណ្ឌពិភពលោកមិនគួរត្រូវបានទុកឱ្យក្លាយជាជនរងគ្រោះនៃសង្គ្រាមម្តងទៀតទេ៕

អត្ថបទដែលទាក់ទង

នាវាល្បាតសមុទ្ររបស់អង់គ្លេសមួយគ្រឿងនឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមកម្ពុជារយៈពេល ៨ថ្ងៃក្នុងខែសីហានេះ
2026/08/18 01:58:15 pm        57
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដើម្បីបន្ត​ពង្រឹង​ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
2026/08/18 01:57:07 pm        56
ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាននឹងអាចជំរុញវិស័យទេសចរណ៍
2026/08/18 01:53:38 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាវាល្បាតសមុទ្ររបស់អង់គ្លេសមួយគ្រឿងនឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមកម្ពុជារយៈពេល ៨ថ្ងៃក្នុងខែសីហានេះ

2026/08/18 01:58:15 pm
​មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដើម្បីបន្ត​ពង្រឹង​ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
2026/08/18 01:57:07 pm
​ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាននឹងអាចជំរុញវិស័យទេសចរណ៍
2026/08/18 01:53:38 pm
​រដ្ឋសភាកំណត់យកថ្ងៃទី២០សីហាខាងមុខ ដើម្បីពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្ដីពីកា​រគ្រ​ប់គ្រងរដ្ឋបាលឃុំ-សង្កាត់
2026/08/18 01:46:45 pm
​សមាគមខ្មែរកម្ពុជាក្រោម នាំយកទឹកពិសារបរិសុទ្ធ និងស្បៀងអាហារប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២
2026/08/18 01:45:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm