លោក Conor Nestor គ្រូបង្វឹកក្លិប ISI ដង្កោសែនជ័យ ថា គ្មានលេសត្រូវប្រកែកឡើយ ក្រោយប្រធានក្លិបលោក កាំង សេន បានផ្ដល់អ្វីៗទាំងអស់ ដែលលោកចង់បាន ហើយលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ខណៈលទ្ធផលត្រូវរង់ចាំអ៊ុលមើលជាក់ស្ដែងក្រោយបញ្ចប់រដូវកាល។
ការលើកឡើងនេះ ស្របពេល ISI ដង្កោសែនជ័យ បានបន្ថែមការវិនិយោគនាំយកកីឡាករអន្ដរជាតិ ៤រូបទៀត មកពង្រឹងក្រុម រួមមានខ្សែការពារសញ្ជាតិប្រេស៊ីល Matheus Freitas អតីតសមាជិកក្លិបអង្គរថាយហ្គឺរកាលពីរដូវកាលមុន, អតីតខ្សែប្រយុទ្ធដ៏លេចធ្លោររបស់ភ្នំពេញក្រោន Shimizu Shintaro រួមទាំងកីឡាករជប៉ុន ២រូបទៀត គឺខ្សែការពារ Takahiro Tezuka ផ្ទេរមកពីក្លិប Bangkok FC និងខ្សែប្រយុទ្ធ Daizo Horikoshi ផ្ទេរមកពីក្លិប NWS Spirit FC នៃលីគទី៣ អូស្ដ្រាលី។
ក្នុងនាមគ្រូបង្វឹកលោកបានស្វាគមន៍កីឡាករចំណូលថ្មី ព្រមទាំងកីឡាករផ្សេងៗទៀត ដែលក្លិបបាននាំចូលជាបន្ដបន្ទាប់ កាលពីថ្មីៗ ហើយលោកសង្ឃឹមពួកគេ នឹងរួមគ្នាជួយក្លិបសម្រេចបានលទ្ធផលល្អប្រសើរនារដូវកាលថ្មី ។
អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងដដែលបន្ដថា ភ្ជាប់ជាមួយការលើកឡើងពីអតីតកាលរបស់ក្លិប ISI ដែលឈរបាតតារាងកាលពីរដូវកាលមុន លោកថា ខ្លួនក៏ធ្លាប់ដឹកនាំក្រុមមិនចាញ់សោះ ៣៣ប្រកួតដែរ ។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺធ្វើឲ្យអនាគតក្លិបល្អប្រសើរបំផុត។
គួរដឹងថា ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងនឹងត្រឡប់មកវិញ នាដើមខែកញ្ញាខាងមុខ ក្លិប ISI ដង្កោសែនជ័យ បានធ្វើការរុះរើស និងរៀបចំក្រុមទ្រង់ទ្រាយធំ ទាំងក្រុមការងារគ្រូបង្វឹក ដែលដឹកនាំដោយលោក Conor Nestor ក៏ដូចជាកីឡាករ ទាំងខ្មែរ និងបរទេស សុទ្ធសឹងជាកីឡាករមានគុណភាព និងបទពិសោធន៍ តួយ៉ាងដូចជាកីឡាករ ធារី ចន្ថាប៊ីន, កីឡាករអាហ្វ្រិកខាងត្បូងសញ្ជាតិខ្មែរ កាន់ ម៉ូ, កីឡាករជប៉ុនសញ្ជាតិខ្មែរ Yudai Ogawa, គួច សុកុម្ភៈ និងអ្នកចាំទី ហ៊ុល គឹមហ៊ុង ជាដើម មុននាំចូលកីឡាករបរទេសថ្មីទាំង ៤រូបនេះ។
ការវិនិយោគដ៏សម្បើមនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយរំពឹងក្រុមបាតតារាងកាលពីរដូវកាលចាស់នេះ នឹងអាចបង្កព្យុះភ្លៀងដល់បណ្ដាក្លិបធំៗ ហើយអាចឈានទៅប្រកួតប្រជែងតំណែងជើងឯកទៀតផង៕ អត្ថបទ លី ឈុនឡា