ភ្នំពេញ ៖ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានបន្តយុទ្ធនាការចុះស្តារប្រឡាយ និងប្រព័ន្ធលូ0ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ដែលជាខណ្ឌទី៥ នៅកណ្តាលក្រុងចុងក្រោយគេ ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូនៅភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួលគោក ដែលទើបបានបញ្ចប់ និងក្រោយពីបានស្តារប្រព័ន្ធប្រឡាយ លូជាច្រើនខ្សែ ព្រមទាំងស្ថាបនាស្ថានីយ៍បូមទឹកជាបន្តបន្ទាប់នៅខណ្ឌជាយរាជធានីភ្នំពេញ។
ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភគាំទ្រពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងផែនការរំដោះជំនន់ទឹកភ្លៀង ដើម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំផ្ទាល់ដោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានី និងលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានដឹកនាំក្រុមការងារស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាពចំនួនជាង ១០ខ្សែបន្តទៀត។
លោក ឯក ឃុនដឿន បានឱ្យដឹងថា ការស្តារប្រឡាយ និងប្រព័ន្ធលូក្នុងខណ្ឌបឹងកេងកងនេះ រួមមាន ស្តារលូសងខាងផ្លូវលេខ៦៣ ចាប់ពីផ្លូវលេខ២៤៥ ដល់ផ្លូវលេខ២១៧ មានប្រវែង ២៤៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។ ស្តារលូសងខាងផ្លូវលេខ២៤៥ ចាប់ពីផ្លូវលេខ៦៣ ដល់ផ្លូវលេខ៩៥ មានប្រវែង ៥៦៧ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ និងសង្កាត់បឹងកេងកងទី៣។ ស្តារលូសងខាងផ្លូវលេខ៣៩២ ចាប់ពីផ្លូវលេខ៦៣ ដល់ផ្លូវព្រះមុនីវង្សមានប្រវែង ៤៩២ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។ ស្តារលូសងខាងផ្លូវលេខ៣៦០ ចាប់ពីផ្លូវលេខ៦៣ ដល់ផ្លូវលេខ៧១មានប្រវែង ១៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។ ស្តារលូសងខាងផ្លូវលេខ៧១ ចាប់ពីផ្លូវលេខ៣៦០ ដល់ផ្លូវលេខ៣៤៥ មានប្រវែង ៩៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។ ស្តារលូសងខាងផ្លូវលេខ១៦៣ ចាប់ពីផ្លូវលេខ២៧៤ ដល់ផ្លូវលេខ២៤៥ មានប្រវែង ២៥៨០ម៉ែត្រ ស្ថិតក្នុងសង្កាត់អូឡាំពិក និងសង្កាត់បឹងកេងកងទី៣។ ស្តារលូសងខាងផ្លូវលេខ៣៩៨ ចាប់ពីផ្លូវលេខ៦៣ ដល់ផ្លូវលេខ៧១ មានប្រវែង ៣២៨ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។ ស្តារលូសងខាងផ្លូវលេខ៤០០ ចាប់ពីផ្លូវលេខ៦៣ ដល់ផ្លូវលេខ៧១ មានប្រវែង ៣២៨ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។ ស្តារលូសងខាងផ្លូវលេខ២០៥ ចាប់ពីផ្លូវលេខ៤៣០ ដល់ផ្លូវលេខ២៧៤ មានប្រវែង ២៤០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក និងសង្កាត់ទួលស្វាយព្រៃទី១។ ស្តារលូសងខាងផ្លូវលេខ២០៧ ចាប់ពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៤៣៤ មានប្រវែង ៥៥៤ម៉ែត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក។ ស្តារលូសងខាងផ្លូវថ្មី ផ្លូវលេខ២៧១ ដល់ផ្លូវលេខ៤៣៤ មានប្រវែង ៥៥៤ម៉ែត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក។ ស្តារលូសងខាងផ្លូវព្រះមុនីវង្ស ស្តារលូសងខាងផ្លូវលេខ៣៨០។
លោក ឯក ឃុនដឿន បានបញ្ជាក់ទៀតថា ក្រុមការងារនេះប្រើប្រាស់រថយន្តបូមលាងលូចំនួន១៣គ្រឿង ដោយបែងចែងជាក្រុម ធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ តាមការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥ នៅកណ្តាលរាជធានីសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើសកម្មភាពបូមស្តារអណ្តូងលូ និងសម្អាតដីភក់តាមប្រព័ន្ធលូ បញ្ចៀសការជន់លិចមុនរដូវភ្លៀងធ្លាក់មកដល់។ គិតមកដល់ពេលនេះ កិច្ចការស្តារប្រព័ន្ធលូនៅក្នុងខណ្ឌចំនួន៤ហើយ ដែលបានបញ្ចប់រួចរាល់រួមមាន ខណ្ឌដូនពេញ ចំការមន ខណ្ឌ៧មករា និងខណ្ឌទួលគោក។
លោក ឯក ឃុនដឿន អភិបាលរងរាជធានីបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងពីរាជធានីភ្នំពេញ លោកបានទម្លាក់កញ្ចប់ពិសេសមួយសម្រាប់កសាងប្រព័ន្ធបង្វែរទឹកនៅភាគខាងលិច។ លោក ឯក ឃុនដឿន ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ និងមេភូមិ ត្រូវចុះពិនិត្យមើលទីតាំងដែលប្រឈមនិងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានចុះស្តារឱ្យចំគោលដៅ និងធានាបានថាមិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះទៀត ហើយប្រជាពលររដ្ឋត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបានអនាម័យ និងបរិស្ថានស្អាត ព្រមទាំងអាចបញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





