ក្រុមបាល់ទាត់ព្រះវិហារក្រោន បានទទួល ៣ពិន្ទុពីជ័យជម្នះលើកដំបូង លើក្រុមបាល់ទាត់អាចារ្យលាក់ខេត្តកំពង់ធំ ស្របពេលក្រុមសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល បានវាយបកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផល ៣-២ ដើម្បីរក្សាកៅអីកំពូលតារាងពូលC នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត)។
សម្រាប់ជំនួបបញ្ចប់ទី១ ក្នុងពូល A នៅកីឡដ្ឋានខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃអង្គារ រវាងក្រុមម្ចាស់ផ្ទះអាចារ្យលាក់ខេត្តកំពង់ធំ និងក្រុមព្រះវិហារក្រោន បានបញ្ចប់ដោយលទ្ធផលដ៏តានតឹង ដោយការប្រកួតបានអូសបន្លាយដល់ចុងម៉ោង ទើបមានគ្រាប់បាល់កើតឡើង ១គ្រាប់ ពីកីឡាករ ម៉ាត់ អារ៉ាហ្វីន ដែលជាគ្រាប់ជ័យឲ្យក្រុមភ្ញៀវទទួលបានជ័យជម្នះ នៅនាទី៨២។
ជ័យជម្នះដំបូងនេះ បានក្លាយជាក្ដីសង្ឃឹមសម្រាប់ព្រះវិហារក្រោន ក្នុងឱកាសប្រជែងកៅអីវគ្គបន្ដ ដ្បិតនៅសល់ ២ប្រកួតទៀត នៅជើងទី២ គ្រាដែលក្រុមអាចារ្យលាក់ខេត្តកំពង់ធំ នៅសល់ក្ដីសង្ឃឹមតិចតួចប៉ុណ្ណោះ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា។ បច្ចុប្បន្នព្រះវិហារក្រោន មាន ៣ពិន្ទុ ឈរលេខ២ តាមពីក្រោយក្រុមភូមិបាលស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែង ដែលរកបាន ៦ពិន្ទុ ខណៈខេត្តកំពង់ធំ មិនទាន់មានពិន្ទុរាប់ឡើយ។
ចំណែកជំនួបដ៏ជក់ចិត្តក្នុងពូលC នៅទីលានវិទ្យាល័យច្បារអំពៅវិញ កីឡាករ ម៉ាត់ សេតមូស្លីម បានចំណាយពេលត្រឹម ៣នាទី ក្នុងការស៊ុតគ្រាប់បើកការនាំមុខឲ្យក្រុមភ្នំពេញហ្គាឡាក់ស៊ី មុនកីឡាករ ពុធ គ្រីយ៉ា រកបានគ្រាប់តាមស្មើ ឲ្យខេត្តកណ្ដាល នៅនាទី២២។ បន្ទាប់មកភ្នំពេញហ្គាឡាក់ស៊ី ក៏បានបើកការនាំមុខជាថ្មី ដោយកីឡាករ លី មស្លីម នៅនាទី៥១ មុនកីឡាករ ពុធ គ្រីយ៉ា រកបាន ២គ្រាប់បន្ថែម នៅនាទី៧៤ និងនាទី៨៧។
ការធ្វើបាន Hat-Trick ពីកីឡាករពាក់អាវលេខ៤៥ នេះ បានជួយឲ្យសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល យកឈ្នះលើក្រុមភ្នំពេញហ្គាឡាក់ស៊ី ៣-២ និងរក្សាបាននូវតំណែងកំពូលតារាងពូលC បណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុវិលជុំ នៅជើងទី១ ចំនួន ៣ប្រកួតឈ្នះ ២ និងស្មើ ១ រកបាន ៧ពិន្ទុ គ្រាដែលក្រុមភ្នំពេញហ្គាឡាក់ស៊ី បន្ដឈរបាតតារាង ដោយរក្សា ១ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៣ប្រកួតស្មើ ១ និងចាញ់ ២ មិនទាន់ស្គាល់ជ័យជម្នះឡើយ។
យ៉ាងណាមិញក្រុមនីមួយៗ នៅសល់ការប្រកួត ១ជុំទៀត នៅជើងទី២ ដើម្បីកាត់សេចក្ដីរកក្រុមលេខ១ ក៏ដូចជាក្រុមលេខ២ ល្អជាងគេ ក្នុងចំណោមពូលទាំង ៥ ឡើងទៅវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា


