ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ។
ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការរៀបចំឱ្យមានការសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសជារៀងរាល់ឆ្នាំ បានកំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និងតួនាទីរបស់អាចារ្យ អាចារិនីនៅក្នុងសង្គមខ្មែរស្របតាមទិសស្លោក «អាចារ្យល្អ វប្បធម៌រីកចម្រើន សហគមន៍រុងរៀង»។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា អាចារ្យ អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និងទំនៀមទម្លាប់ ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន អប់រំកុមារ និងយុវជន សាបព្រោះបណ្ដុះគុណធម៌ សីលធម៌ និងសុជីវធម៌ និងជាតំណភ្ជាប់រវាងព្រះពុទ្ធសាសនា គ្រួសារ សហគមន៍ និងសង្គមរបស់ជាតិខ្មែរ។
- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី សម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ អាចារ្យ អាចារិនីនៅទូទាំងប្រទេសដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងប្រឹងប្រែងថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូផង់របស់ជាតិខ្មែរយើង។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកទឹកចិត្តដល់អាចារ្យ អាចារិនី សូមបន្តបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តចូលរួមថែរក្សាការពារ និងផ្សព្វផ្សាយព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីចូលរួមចំណែកកសាងសង្គមកម្ពុជាប្រកបដោយសាមគ្គីភាព សុខុមរម្យនា និងវិបុលភាព។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា «អាចារ្យ គឺជាអ្នកដឹកនាំផ្លូវចិត្ត ជាអ្នកបង្ហាត់បង្រៀន និងជាសរសរទ្រូងក្នុងការភ្ជាប់រវាងវត្តអារាម និងព្រះពុទ្ធសាសនា»។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មើលឃើញថា ជាទូទៅនៅពេលដែលយើងទៅវត្តអាចស្ដាប់ព្រះសង្ឃ ទាល់តែយើងទៅចូលវត្តដោយផ្ទាល់... ប៉ុន្ដែអាចារ្យ គឺគាត់កាន់មេក្រូនៅខាងក្រៅតែម្ដងហើយក៏មិនគ្រាន់តែសូត្រធម៌អមជាមួយព្រះសង្ឃដែរ តែគាត់ក៏មានការអប់រំទូទៅតែម្ដង ខណៈសម្ដេចបានរំឭកថា កាលសម្ដេចនៅពីក្មេងពេលទៅវត្តទោះសម្ដេចមិនបានចូលទៅស្ដាប់ព្រះសង្ឃដោយផ្ទាល់ តែបានស្ដាប់អាចារ្យអប់រំ ណែនាំនៅខាងក្រៅ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា អាចារ្យ មានតួនាទីសំខាន់ នៅក្នុងការរៀបចំពិធីបុណ្យ ពិធីសាសនា ឬមង្គលការ ដោយសម្ដេចគាំទ្រដល់ក្រសួងធម្មការ និងសាសនា ចំពោះការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលស្ដង់ដារួម។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់អាចារ្យថា បើសិនជាចង់កាត់ពិធីសាសនា ឬពិធីនៅក្នុងមង្គលការណាមួយ គឺត្រូវមានការឯកភាពគ្នាឱ្យបានត្រឹមត្រូវក្នុងការធ្វើ ដោយសម្ដេចគាំទ្រថា បច្ចុប្បន្នពលរដ្ឋមិនអាចមានពេលធ្វើពិធីមង្គលការរហូតដល់រយៈពេលជាងបីថ្ងៃដូចពីមុនទៀតទេ ដូច្នេះការប្រែប្រួលនេះ យើងត្រូវទទួលស្គាល់ ប៉ុន្ដែត្រូវមានក្រឹត្យក្រមច្បាស់លាស់កុំឱ្យបាត់អត្តសញ្ញាណរបស់ខ្មែរ ជាពិសេសបារម្ភបំផុតគឺការចម្លងអត្តសញ្ញាណខុសដែលនេះគឺជាបញ្ហា។
-សម្ដេចធិបតី អំពាវនាវឱ្យរៀបចំពិធីអ្វីមួយត្រូវមានស្តង់ដា សង្គតិភាព ព្រោះវប្បធម៌តែមួយ ជាតិតែមួយ ទំនៀមទម្លាប់តែមួយ បើក្លាយត្រូវក្លាយទៅជាមួយគ្នា កុំមួយឆ្វេងមួយស្ដាំ បកស្រាយខុសគ្នា។ បើកម្មវិធីមួយអាចារ្យពីរ ហើយមិនស្របគ្នាបង្កឱ្យខូចពិធី។ អាចារ្យដើរតួនាទីសំខាន់ក្នុងការថែរក្សាទំនៀមទម្លាប់ដែលមានភាពច្បាស់លាស់ណាស់ ដែលត្រូវបន្តអនុវត្ត ព្រោះពុទ្ធបរិស័ទអ្នករៀបពិធីគឺជឿអាចារ្យ ដែលជាអ្នកដឹកនាំរៀបចំ មិនមែនព្រះសង្ឃនោះឡើយ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ទំនៀមទម្លាប់ធំណាស់ ហើយពិភពលោកប្រែប្រួល បច្ចេកវិទ្យាធ្វើឱ្យមនុស្សមានភាពជឿនលឿនដូចគ្នា ប៉ុន្ដែអ្វីដែលមិនអាចឱ្យប្រទេសមួយដូចគេដូចឯងនោះ គឺជាអត្តសញ្ញាណជាតិ វប្បធម៌ ទំនៀមទម្លាប់។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា អីចឹងទើបអាចារ្យ អាចារិនី មានតួនាទីសំខាន់ណាស់ ហើយនៅក្នុងពិធីសាសនាខ្មែរ ព្រះពុទ្ធសាសនា យើងអត់ទាន់មានប្រែទេ។ តួនាទីសំខាន់របស់អាចារ្យ គឺការអប់រំសីលធម៌ ផ្សព្វផ្សាយប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងផ្សព្វផ្សាយសុខដុមនីយកម្ម នៅក្នុងប្រទេសកម្ពុជា នេះគឺជាកិច្ចការសំខាន់ព្រោះការអប់រំសីលធម៌មានសារៈសំខាន់នៅក្នុងសង្គម ដែលកាន់តែទំនើប កាន់តែសម្បូរបែប។
-សម្ដេចធិបតី៖ នាសម័យទំនើបនេះ ការធ្វើទំនើបកម្មរបស់មនុស្សជាការចាំបាច់នៅក្រៅខ្លួន ដូចជា សម្ភារៈ របកគំហើញផ្សេងៗ តែក្នុងខ្លួនចាំបាច់ត្រូវតែរក្សានូវសីលធម៌ និងគុណធម៌ ដែលបង្កើតភាពត្រឹមត្រូវ និងស្មោះត្រង់ ដែលជាតម្លៃធំណាស់ មិនថាអ្នកនៅក្នុងវិស័យធុរកិច្ច រដ្ឋ នយោបាយសង្គមកិច្ច ការទទួលខុសត្រូវ និងស្មោះត្រង់ គឺសំខាន់ ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា យើងមិនអាចហាមឃាត់សេរីភាព មិនឱ្យពលរដ្ឋ និងយុវជនយើង មើលភាពយន្តបរទេស រៀនស្រាវជ្រាវពីវប្បធម៌បរទេសនោះទេ និងយើងក៏មិនអាចឱ្យប្រជាជនយើងនៅតែអភិរក្សគ្រប់ជ្រុងនោះទេ អីចឹងការប្រែប្រួលរបស់ពលរដ្ឋរបស់យើងនៅក្នុងសម័យទំនើបវានឹងប្រែប្រួលទៅលើតម្រូវការរបស់ពួកគាត់ ប៉ុន្ដែមូលដ្ឋានគ្រឹះនៃសីលធម៌ គុណធម៌ត្រូវតែមាន។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖«យើងមិនអាចទប់នូវការអភិវឌ្ឍជឿនលឿនបានទេ ប៉ុន្ដែអ្វីដែលយើងអាចទប់ និងជួយទប់បាន គឺការកែប្រែនូវអត្តចរិក និងឥរិយាបថមនុស្សនៅក្នុងការប្រើប្រាស់សម្ភារៈនិយម គឺតម្លៃក្នុងខ្លួន, ផែកមាន១លានផែក ភាពយន្តមានមួយលានភាពយន្ត តើយើងចង់បានអ្វី តើយើងចង់ធ្វើអ្វីគ្រប់យើងដើម្បីត្រឹមតែចង់បានការមើលទេ? គឺយើងត្រូវប្ដេជ្ញាចិត្តមិនធ្វើសកម្មភាពខុសដើម្បីគ្រាន់តែចង់បានការមើលច្រើន ហើយបាត់បង់សីធម៌នៅក្នុងសង្គមនោះទេ។
សម្ដចធិបតី៖ គណបក្សប្រជាជនកម្ពុជា បើកច្រកស្វាគមន៍ជានិច្ចចំពោះអ្នកនយោបាយទាំងឡាយណា ដែលមានបំណងចូលមកបង្រួបបង្រួមពិតប្រាកដប្រកបដោយវប្បធម៌សន្ទនា ភាពស្មោះត្រង់ និងការឯកភាពជាតិ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គេសួរខ្ញុំថា យើងប្ដូរផ្នត់គំនិតមនុស្សយ៉ាងម៉េច? ខ្ញុំថា ប្ដូរផ្នត់គំនិតមនុស្ស ទីមួយគឺប្ដូរទម្លាប់, យកអ្វីប្ដូរទម្លាប់ គឺយកច្បាប់ យកគោលការណ៍ យកការអប់រំ ណែនាំរួមទាំងបទបញ្ជាផ្ទៃក្នុង។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖«សីលធម៌ និងគុណធម៌ បង្កើតការទទួលខុសត្រូវ និងភាពស្មោះត្រង់, តម្លៃធំណាស់ មិនថាអ្នកឯងនៅក្នុងវិស័យធុរកិច្ច ក្នុងវិស័យរដ្ឋ នយោបាយ ឬសង្គមកិច្ចនោះទេ ការទទួលខុសត្រូវ និងភាពស្មោះត្រង់នេះ គឺសំខាន់ណាស់។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា សកម្មភាពរបស់មនុស្សនេះហើយដែលពាក់ព័ន្ធជាមួយអ្នកដទៃ យើងមិនអាចរស់នៅក្នុងសង្គមលើកោះតែម្នាក់ឯងទេ គឺត្រូវប្រទាក់ក្រឡាជាមួយអ្នកដទៃ អីចឹងការអប់រំសីលធម៌នៅក្នុងសង្គមយើងគឺជាកិច្ចការសំខាន់ ទន្ទឹមនឹងការវិវត្តន៍ ការប្រែប្រួលនៃការចង់បាន យើងត្រូវបណ្ដុះនូវតម្លៃនៅក្នុងខ្លួនដើម្បីសម្រេចថា តើអ្វីដែលយើងចង់បានពិតប្រាកដ, តើយើងចង់បានចង់យកវាតាមរបៀបណា ព្រោះមិនមែនត្រឹមតែសម្រេចគោលដៅទេ តែសម្រេចតាមរបៀបណា? បើយើងចង់បានតែសម្រេចគោលដៅយើងជោគជ័យ តែប៉ែងជើងគេគ្រប់គ្នា ស៊ីខ្សែលើ ធ្វើបាបគេ គឺមិនមានតម្លៃទេ។ ប៉ុន្ដែបើយើងសម្រេចគោលដៅ ធ្វើតាមក្បួនខ្នាតនេះហើយជាតម្លៃធំ និងរក្សាសុខដុមនីយកម្មរបស់យើង។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា គ្រប់ការងារទាំងអស់ មិនថាការងារនៅកន្លែងកម្មករ ឱ្យតែមិនសហការគ្នា អាល័យតែមើលបំណាំគ្នា គឺឈ្លោះគ្នាហើយការងារមិនទៅមុខទេ។ អីចឹងបើចង់ឱ្យការអប់រំរបស់យើងទៅអ្នកដទៃបានល្អប្រសើរ គឺចាប់ផ្ដើមពីខ្លួនយើង ចាប់ផ្ដើមពីអ្នកដែលទៅបង្រៀនគេ។
សម្ដេចធិបតី
រាជរដ្ឋាភិបាលកម្ពុជា មិនបិទទ្វារទេសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈពិតប្រាកដ ចង់ធ្វើការជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាក្នុងនាមជាដៃគូជាតិខ្មែតែមួយ ដើម្បីបម្រើបុព្វហេតុជាតិ ។ និយាយមានហេតុផលច្បាស់លាស់ កុំចាំបាច់ស្រប។ គណបក្សនយោបាយទាំង៣៥ដែលជាដៃគូ រាល់របាយការណ៍ដែលសរសេរផ្ញើមកខ្ញុំ មិនមែនសរសេរលើកជើងរដ្ឋាភិបាលទេ គាត់សរសេរអំពីចំណុចខ្សោយទាំងអស់ ក្នុងវិស័យនានា ដើម្បីយើងយកធាតុផ្សំចូល ដែលរបាយការណ៍ទាំងអស់ ខ្ញុំមិនបានជេរ និងឈប់ទទួលនោះឡើយ ថែមទាំងបានចារ និងប្រគល់ទៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើតាមដែលអាចធ្វើទៅបាន។ នេះជា «វប្បធម៌ នៃការសន្ទនាដោយស្មោះត្រង់»។ គណបក្សនយោបាយត្រូវបានបង្កើតឡើងមកមិនមែនដើម្បីហែកហួរគ្នាទេ តែគឺដើម្បីរួបរួមគ្នាធ្វើការ តំណាងប្រជាពលរដ្ឋដែលមានទស្សនៈរៀងៗខ្លួន។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា សម្ដេចបានជួបជាមួយអ្នកវិភាគសង្គម អ្នកនយោបាយជើងចាស់ម្នាក់ ហើយអ្នកនយោបាយសួរសម្ដេចថា មានបញ្ញវន្តទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសច្រើន ដែលមិននៅក្នុងជួររាជរដ្ឋាភិបាលទេ ហើយគេចង់ជួយជាគំនិត យោបល់ ទៅលើប្រធានបទមួយចំនួនដែលគេចាប់អារម្មណ៍ តើសម្ដេចទទួលឬអត់? សម្ដេចឆ្លើយតបថា ខ្ញុំថាខ្ញុំមិនដែលអត់ទទួលទេ! បើមានហេតុផលត្រឹមត្រូវ កុំតែជេរយកៗ គឺអត់ស្ដាប់ទេ។ បើវិភាគច្បាស់លាស់ ផ្អែកលើមូលដ្ឋាន អត់ចាំបាច់ស្របទេ ហើយខ្ញុំចង់បាននូវចំណុចខ្វះខាតដើម្បីពង្រឹង ល្អជាចំណុចស្រប, ចំណុចស្របខ្ញុំដឹងហើយ គោលនយោបាយខ្ញុំដាក់ ខ្ញុំដឹង, ប៉ុន្ដែខ្ញុំចង់បានការវាយតម្លៃមួយ ហើយស្វាគមន៍ទាំងអស់។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការអប់រំ ការបើកចិត្ត ការទទួលយក និងការគោរពគ្នាទៅវិញទៅមក គឺជាកិច្ចការសំខាន់ មិនថានាយករដ្ឋមន្រ្ដី ជាមួយនឹងអ្នកស្រាវជ្រាវធម្មតា គឺត្រូវតែបើកចំហ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ហៅលោក អ៊ុក វណ្ណដេ ជាសេដ្ឋីអត់ទ្រព្យ។ នៅថ្ងៃទី១៨ ខែសីហា សម្តេច បានហៅលោកមកជួបផ្ទាល់ ខណៈសម្ដេចបញ្ជាក់ថា សាលាដូងរបស់លោកវណ្ឌដេ នៅគិរីរម្យ អត់មានបិទដំណើរការទេ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បង្រួបបង្រួមដោយនយោបាយ ឈ្នះ ឈ្នះ មិនមែនដោយសារការបិទច្រកទេ គឺដោយសារនយោបាយនៃការបង្រួបបង្រួម វប្បធម៌សន្ទនា ប៉ុន្ដែវប្បធម៌សុន្ទនាដើរ ទាល់តែមានការស្មោះត្រង់ ប្រកាន់គុណធម៌ គោរពគ្នាទៅវិញទៅមក កុំចាប់ដៃគ្នានៅភ្នំពេញឡើងទៅដល់បារាំងជេ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដើរតាមគោនយោបាយបង្រួបបង្រួម ស្របតាមនយោបាយ ឈ្នះ ឈ្នះ ក្នុងនោះក៏មានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីគណបក្សនយោបាយនានា ហើយថ្មីៗនេះទើបតែតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់សម្តេចផ្ទាល់ ដើម្បីធ្វើការងារនៅក្រៅប្រទេសផងដែរ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីចាត់ទុកសកម្មភាពជេ និងជាន់បន្លិចរបស់ក្រុមអ្នកនយោបាយក្រៅស្រុកមួយក្ដាប់តូច គឺមានផ្នត់គំនិតចង្អៀតចង្អល់ គ្មានផ្នត់គំនិតបង្រួបបង្រួមជាតិនោះទេ។ សម្ដេចផ្ញើសារទៅក្រុមប្រឆាំងមួយក្ដាប់តូចនោះឱ្យធ្វើនយោបាយដោយឆន្ទៈពិតប្រាកដ កុំងាកជេៗ ខណៈបើមានឆន្ទៈពិតប្រាកដ គោរពគ្នាទៅវិញទៅមក នេះគឺជាវប្បធម៌នៃការបង្រួបបង្រួមគ្នាពិតប្រាកដហើយសម្ដេចនឹងស្វាគមន៍។ សម្ដេចធិបតីបញ្ជាក់ថា៖«បើជួបអត់ជេ បើជេអត់ជួប»។
















