សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា ការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាពេលវេលាកម្ពុជាត្រូវការចាំបាច់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសស្វាគមន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។
ការតែងតាំងនេះត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ, សម្តេចធិបតីបានថ្លែងបញ្ជាក់ថា លោកស្រី កឹម មនោវិទ្យា មានសមត្ថភាពខ្ពស់ និងមានបណ្តាញទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាធនធានចាំបាច់បំផុតសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន។ សម្ដេចថ្លែងថា លោកស្រីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរាជរដ្ឋាភិបាលលើកិច្ចការទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ សម្ដេចធិបតីបានបញ្ជាក់កាលពីជំនួបជាមួយលោកស្រី មនោវិទ្យាថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ។
សម្តេចធិបតីថ្លែងថា៖«ខ្ញុំទទួលឯកឧត្ដម កឹម សុខា និងកូនគាត់ចូលមកគាត់នៅបក្សផ្សេង និន្នាការផ្សេង ឥឡូវចូលមកធ្វើប្រេសិតរបស់ខ្ញុំ, ខ្ញុំអត់បានតែងតាំងគាត់ជារដ្ឋមន្ត្រី ក្នុងជួររដ្ឋាភិបាលទេ តែជាប្រេសិតមួយដែលមានទម្ងន់អាចទៅធ្វើការបាននៅក្រៅប្រទេស។ មួយវិញទៀតគាត់ចង់ជួយយើងនៅក្នុងការវិនិយោគ បូកជាមួយរឿងព្រំដែន អាហ្នឹងគឺបញ្ជាក់ឲ្យដឹងតែម្ដង កុំឲ្យមិនដឹងថា ប្រេសិតពិសេសធ្វើអី? ហើយគាត់មានទំនាក់ទំនងច្រើន ចឹងយកទំនាក់ទំនងគាត់ដើម្បីធ្វើការជួយប្រទេសជាតិ ល្អជាងមានទំនាក់ទំនងទៅអង្គុយជេរឥតប្រយោជន៍។ នេះហើយជាអ្វីដែលគេហៅថា សន្ទនាវប្បធម៌ និងវប្បធម៌សន្ទនា។ នេះហើយជាការបង្រួបបង្រួមជាតិនោះ»។
សូមជម្រាបថា ការតែងតាំងលោកស្រី កឹម មនោវិទ្យានេះ បានធ្វើឡើងបន្ទាប់ពី លោក កឹម សុខា (មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ) បាននាំកូនស្រីច្បងរបស់លោកគឺលោកស្រី កឹម មនោវិទ្យា ចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦៕
