ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានទទួលការគាំទ្រយ៉ាងផុសផុលពីវិស័យឯកជន ដែលជាសញ្ញាណដ៏ល្អឆ្ពោះទៅរកភាពជោគជ័យ នៃការប្រកួតដ៏ធំនេះ។

នេះបើតាមប្រសាសន៍ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ ក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហាយធិច នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយក្រុមហ៊ុននឹងឧបត្ថម្ភគាំទ្រទឹកសុទ្ធសម្រាប់កីឡាករ-កីឡាការិនីប្រើប្រាស់ កំឡុងពេលហ្វឹកហាត់ រហូតដល់ការប្រកួតផ្លូវការ ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ សម្រាប់រួមចំណែកទ្រទ្រង់ដល់ការធ្វើម្ចាស់ផ្ទះនេះទៀតផង។
ឯកឧត្តមបានសម្ដែងក្ដីរីករាយ ដែលបណ្ដាក្រុមហ៊ុននានា បានចាប់អារម្មណ៍ និងចូលរួមជាមួយសហព័ន្ធ ដើម្បីធានាឲ្យការរៀបចំព្រឹត្តិការណ៍វ៉ូវីណាមជើងឯកអាស៊ី បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ស្របពេលសហព័ន្ធក៏បាននឹងកំពុងពង្រឹងក្រុមជម្រើសជាតិរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងដៃគូ តាមរយៈការត្រៀមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិផងដែរ។
ទន្ទឹមជាមួយគ្នាលោក ព្រាប សកល តំណាងក្រុមហ៊ុនហាយធិច បានសម្ដែងក្ដីរីករាយ ដែលបានចូលរួមជាមួយសហព័ន្ធ ក្នុងការគាំទ្រដល់ដំណើរការរៀបចំការប្រកួតនាពេលខាងមុខ។ លោកមិនផ្ដោតលើផលតបស្នង លោកសង្ឃឹមថា ការរួមចំណែកនេះ នឹងជំរុញឲ្យព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី ទទួលបានជោគជ័យ ហើយលោកក៏បានអំពាវនាវដល់បណ្ដាក្រុមហ៊ុនផ្សេងៗ ក្នុងការបន្ដចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីលើកស្ទួយវិស័យកីឡាជាតិផងដែរ។
គួរដឹងថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយមានបណ្ដាប្រទេសជាច្រើន បាននឹងកំពុងដំណើរការនិតីវិធីចុះឈ្មោះ ខណៈការចុះឈ្មោះចូលរួម គ្រោងនឹងបិទឈប់ទទួលពាក្យនៅដំណាក់ខែសីហា ឆ្នាំ២០២៦។ ផ្អែកលើបទពិសោធន៍រៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ស៊ីហ្គេម និងជើងឯកពិភពលោកកន្លងមក ឯកឧត្តម អ៊ូ រតនា រំពឹងការប្រកួតជើងឯកអាស៊ីនេះ នឹងមានបណ្ដាប្រទេសជាច្រើនចូលរួម៕ អត្ថបទ លី ឈុនឡា


