ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាជាមួយលោកជំទាវ Chaminda l. Colonne ឯកអគ្គរដ្ឋទូតប្រទេសស្រីលង្កា ប្រចាំនៅកម្ពុជាជាលើកដំបូង ដើម្បីជំរុញចលនាទេសចរណ៍រវាងប្រទេសពីរអោយមានភាពល្អប្រសើរឡើងវិញ ។
បើតាមឯកឧត្តម ទី្រ ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ បានថ្លែងអោយក្រោយជំនួបចុះហត្ថលេខានេះថា នៅក្នុងខ្លឹមសារអនុសារណៈការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការនៃវិស័យទេសចរណ៍នេះ គឺភាគីប្រទេសទាំងពីរ នឹងជម្រុញអោយមានសកម្មភាពទេសចរណ៍នានាដូចជា ការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសពីរ ដោយចាប់ផ្តើមពីការតភ្ជាប់ជើងហោះហើរជា Charter flight ជម្រុញការរៀបចំកញ្ចប់ទស្សនកិច្ចសាសនាព្រះពុទ្ធ កម្ពុជា ស្រីលង្ការ ហើយក្នុងនោះដែរភាគីទាំងពីរនឹងជម្រុញអោយមានការផ្លាស់ប្តូរទស្សនកិច្ចរវាងព្រះសង្ឃ ថ្នាក់ដឹកនាំសង្ឃ និងគ្រឹះស្ថានសិក្សាពុទ្ធសាសនៈបណ្ឌិតនានាទៀតជាដើម។
នៅក្នុងជំនួបនេះដែរ ឯកឧត្តម ថោង ខុន បានក៏បានលើកឡើងដែរថា បច្ចុប្បន្នកម្ពុជា ក៏កំពុងអនុវត្តគោលនយោបាយទេសចរណ៍ផ្នែកសាសនាព្រះពុទ្ធ តាមការដាក់ចុះនូវយន្តការគឺ ខេត្តមួយ ត្រូវបានមានវត្តអារ៉ាមគំរូយ៉ាងតិចចំនួន២ ដែលជាវត្តទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិផ្នែកសាសនាព្រះពុទ្ធអោយទៅទស្សនានៅក្នុងវត្តទាំងនោះ ជាពិសេសនៅខេត្តសៀមរាប នៅបាត់ដំបងជាដើម។
លោកជំទាវ Chaminda l. Colonne បានថ្លែងថា នៅក្នុងមុនពេលពិភពលោកមិនទាន់មានការរាតត្បាតកូវីដ១៩ កម្ពុជា ស្រីលង្ការមានផ្លាស់ប្តូរទេសចរណ៍ផ្នែកសាសនាព្រះពុទ្ធមានភាពល្អប្រសើរ ក្នុងនោះ ភ្ញៀវទេសចរមកពីស្រីលង្ការមកទស្សនាកម្ពុជា មានកំណើនប្រមាណ២៣% ហើយរំពឹងថា ក្រោយវិបត្តិកូវីដ១៩ធូរស្រាលនេះ កម្ពុជា ស្រីលង្កា នឹងមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងទេសចរណ៍មានភាពល្អប្រសើរដូចដើមវិញ។
សូមបញ្ជាក់ថា នៅក្នុងជំនួបនេះដែរភាគីទាំងពីរ ក៏បានឯកភាពបង្កើតក្រុមការងារកម្ពុជាស្រីលង្កា ដើម្បីជម្រុញអោយមានកិច្ចប្រជុំរៀងរាល់៣ខែម្តង ដើម្បីបូកសរុបលទ្ធផលការងារ តាមដានការអនុវត្តខ្លឹមសារអនុសារណៈកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នេះនៃប្រទេសទាំងពីរ៕
អត្ថបទ៖ ស៊ុម សុខជា