កំពង់ស្ពឺ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពសំណង់ និងផ្ទះលំហែដែលបាន និងកំពុងសាងសង់ដោយខុសច្បាប់ នៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុងពេលចុះពិនិត្យនោះ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីបរិស្ថានបានពិនិត្យឃើញសំណង់ និងផ្ទះលំហែជាច្រើន គឺបាននិងកំពុងសង់ដោយខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់យ៉ាងធ្ងន់ធ្ងរសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងបរិស្ថាននៅក្នុងតំបន់ឧទ្យានជាតិ ពិសេសទេសចរណ៍ ដែលមកលេងកម្សាន្តនៅក្នុងតំបន់នេះ ។ មួយវិញទៀតសំណង់មិនរៀបរយទាំងនោះ ក៏បាននិងកំពុងសង់រំលោភចូលទៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យផងដែរ ដែលតម្រូវឱ្យមានការរុះរើចេញជាបន្ទាន់ ។
រដ្ឋមន្ត្រីបរិស្ថាន បានបន្តថា ជុំវិញការរុះរើសំណង់អនាធិបតេយ្យ នៅក្នុងតំបន់ឧទ្យានជាតិសុរាម្រិតកុសមៈ (គីរីរម្យ) មានការភ្ញាក់ផ្អើលផងដែរថា មានការរុះរើសាលាដូង ដោយសារតែបានសង់ចូលទៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ ប៉ុន្តែក្រោយការពិនិត្យ របស់មន្ត្រីជំនាញបរិស្ថាន គឺសាលាដូងមិនមានការជាប់ពាក់ព័ន្ធ និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ ដែលតម្រូវឱ្យមានការរុះរើទេ ។
ឯកឧត្តមសង្កត់ធ្ងន់ថា ប៉ុន្តែមានចំណុចមួយចំនួន តម្រូវឱ្យសាលាដូង ត្រូវកែសម្រួលឡើងវិញ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់បរិស្ថាន ដូចជារុះរើបណ្តាញខ្សែភ្លើង ហើយជំនួសមកវិញនូវសោឡា ដែលអាចប្រើប្រាស់បានទូទៅក្រោមការឧបត្ថម្ភពីលោករដ្ឋមន្ត្រីផ្ទាល់ ។

ក្រោយពីបានស្តាប់នូវប្រវត្តិ នៃការរៀបចំសាលាដូង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរទៅដល់ទឹកចិត្តឆន្ទៈមោះមុត និង សកម្មភាពជាក់ស្ដែងរបស់លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង បង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ ។ ផ្តើមចេញពីការខ្ចីដី ក្នុងដែនឧទ្យានជាតិគីរីរម្យ ដើម្បីបង្កើតសាលាដូង ការខិតខំខ្នះខ្នែង កៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំពលរដ្ឋក្នុងភូមិ អនុញាតិឱ្យកូនៗពួកគាត់ បានមកទទួលការបណ្តុះបណ្តាល បំណិននៅសាលាដូង ក្រោមការបង្រៀនដោយស្ម័គ្រចិត្តពីលោក អ៊ុក វណ្ណដេ និងលោកគ្រូ អ្នកគ្រូ ដើម្បីជួយលើកកម្ពស់ចំណេះដឹងនិង បំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ ដែលនេះ គឺជាសកម្មភាពផ្ដល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។
ជាមួយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវបទបញ្ជា ទី១. ឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាព និងឱ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតា ដើម្បីបង្រៀនសិស្សដដែល និងទី២. ប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្រ្តីជំនាញចុះពិនិត្យនិង ផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឱ្យបានសមស្រប និងមានចីរភាព ដែលអាចធានាថា សាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្តាលដល់ក្មួយៗនៅទីនោះ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់ សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយ សាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗ ដែលរស់នៅលើភ្នំនោះ ។
ជាងនេះទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានជួយឧបត្ថម្ភបន្ថែមជាស្បៀង និងថវិកាទៅដល់សាលាដូង ដើម្បីសម្រាលបន្ទុកផងដែរ ៕






