ខ្សែបម្រើរបស់ Bayern Munich កីឡាករ Jamal Musiala បានបញ្ជាក់ថា រូបគេកំពុងទទួលការព្យាបាលចំពោះ បញ្ហាមុខងារប្រព័ន្ធប្រសាទ បន្ទាប់ពីបានដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃ។

កាលពីថ្ងៃអង្គារ Musiala បានដួលប្រហែល ៦នាទីបន្ទាប់ពីចូលលេងជាកីឡាករបម្រុង ក្នុងការប្រកួតមិត្តភាព ដែល Bayern Munich យកឈ្នះ Heidenheim ៤-២។
កីឡាករវ័យ ២៣ ឆ្នាំ រូបនេះ ហាក់ដូចជាមានអាការៈស្រពិចស្រពិល ខណៈក្រុមគ្រូពេទ្យបានចូលទៅពិនិត្យ និងជួយគេដើរចេញពីទីលាន។
ហេតុការណ៍នេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពី Musiala បានដួលក្នុងការប្រកួតមិត្តភាពដែល Bayern Munich យកឈ្នះ RB Leipzig ៣-១ កាលពីថ្ងៃសៅរ៍ នៅទីក្រុង Munich។
ក្រោយមក Musiala បានបង្ហោះសារតាម Instagram ដើម្បីបន្ធូរក្តីបារម្ភរបស់អ្នកគាំទ្រ ដោយពន្យល់ថា រូបគេបានទទួលការធ្វើរោគវិនិច្ឆ័យថា មានអាការៈបាត់ស្មារតីរយៈពេលខ្លី និងបណ្តោះអាសន្ន ដែលអាចព្យាបាលបានយ៉ាងងាយស្រួល ហើយវាបណ្តាលមកពីបញ្ហាមុខងារប្រព័ន្ធប្រសាទ។

Musiala បានបន្ថែមថា អាការៈនេះអាចបណ្តាលឱ្យមានហេតុការណ៍ដូចដែលបានកើតឡើងនៅពេលប្រកួតជាមួយ Leipzig និង Heidenheim ហើយទោះបីវាអាចធ្វើឱ្យមនុស្សមានការភ័យខ្លាចនៅពេលឃើញជាលើកដំបូងក៏ដោយ សម្រាប់រូបគេ វាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនៅពេលនេះ។
បន្ទាប់ពីការប្រកួតថ្ងៃអង្គារ នាយកកីឡា Bayern Munich លោក Max Eberl បាននិយាយថា Musiala នឹងពន្យល់អំពីបញ្ហានេះដោយខ្លួនឯង ហើយបញ្ជាក់ថា ក្លិបបានដឹង និងយល់ច្បាស់អំពីស្ថានភាពរបស់កីឡាករ។
Musiala ក៏ធ្លាប់អវត្តមានអស់រយៈពេល ៦ខែដំបូងនៃរដូវកាលមុន បន្ទាប់ពីរងរបួសបាក់កជើងនៅ FIFA Club World Cup 2025។ ប៉ុន្តែគេបានត្រឡប់មកវិញនៅពាក់កណ្តាលទី២ នៃរដូវកាល ហើយបានចាប់ផ្តើមជម្រើសដំបូងក្នុង ៣ប្រកួតក្នុងចំណោម ៤ប្រកួតរបស់អាល្លឺម៉ង់នៅ World Cup 2026៕ អត្ថបទ៖នាង សុភាវុធ
