ភ្នំពេញ៖ ប្រទេសឆែក គ្រោងផ្តល់ជំនួយបច្ចេកទេសលើការអភិវឌ្ឍវិស័យកសិកម្មដល់កម្ពុជា ដើម្បីជំរុញការផលិតផ្គត់ផ្គង់ទីផ្សារ និងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
កម្ពុជា និងសាធារណរដ្ឋឆែក គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មក្នុងពេលឆាប់ៗនេះ លើការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាព និងផលិតភាពផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជួបកាលពេលថ្មីៗនេះ ពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ារទីន វ៉ាវរ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ដោយភាគីទាំង២ បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាគ្នាជាជំហានបឋមក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទនាពេលអនាគត ដែលក្នុងនោះមាន ដូចជា ការងារបណ្តុះបណ្តាលធនធានមនុស្ស ទាំងរយៈពេលខ្លី និងពេលវែង ការផ្លាស់ប្តូរមន្ត្រីជំនាញឱ្យទៅធ្វើទស្សនកិច្ចសិក្សា ដើម្បីដកស្រង់បទពិសោធន៍លើការងារអនុវត្តបច្ចេកទេសផ្ទាល់។
ភាគីទាំង ២ បានពិភាក្សាលើការសហការគ្នាលើការអភិវឌ្ឍវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ, ការធ្វើទំនើបកម្មកសិកម្ម និង ការពង្រឹងសមត្ថភាពលើការកែច្នៃកសិផលផងដែរ។
ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា ភាគីទាំងពីរសង្ឃឹម ថានឹងឈានទៅអនុវត្តលើខ្លឹមសារ MoU នេះឱ្យចេញជាផ្លែផ្កា ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំង ២ នាពេលឆាប់ៗនេះ។
ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាពេលអនាគតដ៏ខ្លី កិច្ចសហប្រតិបត្តិការនេះ នឹងលេចចេញជារូបរាង និងទទួលបានជោគជ័យ ជាពិសេសគឺភាគីកម្ពុជាផ្ទាល់ដែលកំពុងត្រូវការកសាងធនធានមនុស្សតាមរយៈការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាព និងផលិតភាពផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញ និងជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប។
បើយោងតាម ឯកឧត្តម វេង សាខុន រដ្ឋាភិបាលឆែកដែលបានទិញអង្ករពីកម្ពុជាចំនួនជាង ៧ ០០០ តោនក្នុងឆ្នាំ ២០២១ ហើយសង្ឃឹមថា បរិមាណនេះនឹងកើនឡើងនាពេលអនាគត៕ អត្ថបទ៖ វណ្ណៈ



