ព្រឹត្តិការណ៍បាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ នៅថ្ងៃទី១៩ ខែសីហា ដោយក្រុម MBSA របស់ម៉ាឡេស៊ី បានយកឈ្នះក្រុម Dong Hai មកពីវៀតណាម ដោយលទ្ធផល ៣-២សិត ស្របពេលក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល ៣-០សិត ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដើម្បីអបអរសាទរពិធីបើកការប្រកួតនេះ។

ដូចការគ្រោងទុកពានរង្វាន់ប្រមុខថ្នាក់ដឹកនាំ ដែលទទួលបានការអនុញ្ញាតជាគោលការណ៍ឲ្យរៀបចំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នេះ មានបេក្ខភាព ៤ក្រុមត្រូវប្រជែង គឺមានក្រុមA និងក្រុមB នៃក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងក្រុមភ្ញៀវ MBSA របស់ម៉ាឡេស៊ី និងក្រុម Dong Hai របស់វៀតណាម គ្រាដែលឥណ្ឌូនេស៊ី ត្រូវបានចូលរួមក្នុងនាមក្រុមភ្ញៀវ ដើម្បីប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ ទល់នឹងក្រុមម្ចាស់ផ្ទះកម្ពុជាប៉ុណ្ណោះ។
ជាលទ្ធផលការប្រកួតបើកពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ ក្រុមម៉ាឡេស៊ី MBSA បានយកឈ្នះក្រុមមកពីវៀតណាម Dong Hai ដោយលទ្ធផលដ៏តានតឹង ៣-២សិត ជាមួយពិន្ទុ ១៩-២៥, ២៥-២០, ២៥-២០, ១៦-២៥ និង ១៥-១០ពិន្ទុ។ រីឯជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គឺក្រុមភ្ញៀវបានយកឈ្នះ ៣-០សិត ជាមួយពិន្ទុ ២៥-១៨, ២៨-២៦ និង ២៥-១៩ពិន្ទុ។
សម្រាប់បេក្ខភាពត្រូវប្រជែងពានសម្ដេចធិបតី នឹងត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា មុនឈានដល់វគ្គខ្វែង ក្រុមលេខ១ ជួបលេខ៤ និងលេខ២ ជួបលេខ៣ នាថ្ងៃទី២២-សីហា ហើយក្រុមឈ្នះ ត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពាននាថ្ងៃទី២៣ ខែសីហា។ រីឯជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គឺនៅសល់ ១ប្រកួតទៀត ដែលក្រុមទាំងពីរ គ្រោងនឹងជួបគ្នានាថ្ងៃទី២៥ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា





