កីឡាករសញ្ជាតិអាមេរិក Jonathan David Ward Campbell បានត្រឡប់មកប្រកបអាជីពនៅលីគកំពូលកម្ពុជាវិញហើយ ដោយចូលរួមជាមួយក្លិបគិរីវង់សុខសែនជ័យ ក្រោយឃ្លាតឆ្ងាយ ៤រដូវកាល។

ខ្សែការពារមាឌធំកម្ពស់បានរូបនេះ ធ្លាប់មកប្រកបអាជីពនៅកម្ពុជាដំបូង ក្នុងឆ្នាំ២០១៨ ឲ្យភ្នំពេញក្រោន មុនចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ មុនចាកចេញទៅលេងនៅលីគហ្វីលីពីន និងសហរដ្ឋអាមេរិក នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ហើយបានត្រឡប់មកប្រកបអាជីពជាថ្មីនៅកម្ពុជា ជាមួួក្លិបកងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០២២ មុនចេញទៅលេងឲ្យក្លិបនៅវៀនណាម នេប៉ាល់ និងឥណ្ឌូនេស៊ី ពីឆ្នាំ២០២ ដល់ឆ្នាំ២០២៦។

ដូច្នេះនេះជាលើកទី៣ ដែល Jonathan Campbell បានត្រលប់មកលេងនៅកម្ពុជា ខណៈគិរីវង់សុខសែនជ័យ គឺជាក្លិបទី៤ ដែលរូបគេបានប្រកបអាជីពជាមួយនៅទីនេះ។ វត្តមានរបស់ខ្សែការពារវ័យ ៣៤ឆ្នាំរូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ដ្បិតរូបគេធ្លាប់ជាខ្សែការពារដ៏លេចធ្លោរកំឡុងពេលលេងឲ្យភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ហើយ Jonathan Campbell ក៏រីករាយនឹងការត្រឡប់មកកម្ពុជា ដែលខ្លួនប្រៀបដូចជាផ្ទះទី២ នេះផងដែរ។
គិតមកទល់ពេលនេះ Jonathan Campbell គឺជាកីឡាករបរទេសទី៣ ដែលគិរីវង់សុខសែនជ័យ បាននាំចូលត្រៀមរដូវកាលថ្មី បន្ទាប់ពីអ្នកចាំទីកូនកាត់វេល-អង់គ្លេស Adam Jozef Przybek និងខ្សែបម្រើការពារសញ្ជាតិស្វីស Sinclair Baddy Dega បន្ថែមលើកីឡាករ Louis Willy ដែលក្លិបបានប្រកាសបន្ដកុងត្រា។
ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលឆ្នាំ២០២៦៧ ដែលគ្រោងនឹងចាប់ផ្ដើមនាដើមខែក្រោយនេះដែរ គិរីវង់សុខសែនជ័យ បានធ្វើការរុះរើសក្រុមទ្រង់ទ្រាយធំ ទាំងក្រុមការងារគ្រូ និងកីឡាករ ជាក់ស្ដែងក្លិបបានតែងតាំងលោក Alistair Heath គ្រូបង្វឹកកាន់សញ្ញាបត្រ UEFA ‘A’ ដើម្បីដឹកនាំក្រុម ព្រមទាំងក្រុមការងារគ្រូជំនួយ និងកីឡាករវ័យក្មេង និងមានសក្ដានុពលជាច្រើន ដើម្បីជួយក្រុមផងដែរ៕ អត្ថបទ លី ឈុនឡា


