ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់ការតភ្ជាប់ និងផ្ទេរជើងហោះហើរ ឱ្យកាន់តែរលូន ងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងថា កិច្ចខិតខំនេះផ្តោតលើការកាត់បន្ថយនីតិវិធី និងឧបសគ្គដែលមិនចាំបាច់ ដោយជំរុញការតភ្ជាប់អ្នកដំណើរអន្តរជាតិពីបណ្តាញហោះហើរក្នុងតំបន់ និងសកលលោក ទៅកាន់បណ្តាញហោះហើរក្នុងស្រុកកាន់តែមានប្រសិទ្ធភាព ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីជំរុញការអភិវឌ្ឍកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍សកល។
ឯកឧត្តម បន្តថា តាមរយៈការកាត់បន្ថយឧបសគ្គ ឬចំណុចរាំងស្ទះក្នុងដំណើរការប្រតិបត្តិការដែលមិនចាំបាច់ អ៊ែរ ខេមបូឌា និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) កំពុងពន្លឿន និងបង្កើនលក្ខណៈងាយស្រួលដល់ការតភ្ជាប់របស់អ្នកដំណើរអន្តរជាតិ ពីបណ្តាញហោះហើរក្នុងតំបន់ និងសកលលោក ទៅកាន់បណ្តាញហោះហើរក្នុងស្រុក កាន់តែឆាប់រហ័ស និងងាយស្រួល។
ឯកឧត្តម មានប្រសាសន៍ថា «ការឆែកអ៊ីន (Check-In) ក្នុងស្រុកដែលមានភាពបត់បែនខ្ពស់បំផុត ដោយចំណាយពេល ១៥ នាទី ដើម្បីសម្រួលសម្រាប់ជើងហោះហើរក្នុងស្រុក ដែលតភ្ជាប់សៀមរាប ទៅភ្នំពេញ និងព្រះសីហនុ និងការជំរុញក្របខណ្ឌឆ្លងកាត់ដើម្បីកំណត់គោលដៅ ពេលវេលាតភ្ជាប់ជើងហោះហើរអប្បបរមា ប្រកប ដោយការប្រកួតប្រជែងខ្ពស់ ចាប់ពី ៥០ ដល់ ៦០ នាទី»។
ឯកឧត្តម បន្ថែមទៀតថា ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា ក៏កំពុងពន្លឿនការអនុវត្តយុទ្ធសាស្ត្រស្នូលទៅលើការធ្វើទំនើបកម្ម និងពិពិធកម្មកងយន្តហោះ និង ការពង្រីកបណ្តាញហោះហើរ។ គ្រឹះដ៏សំខាន់នៃចក្ខុវិស័យនេះ គឺកិច្ចព្រមព្រៀងទិញយន្តហោះខ្នាតមធ្យម និងប្រភេទយន្តហោះសម្រាប់ប្រតិបត្តិការហោះហើរក្នុងតំបន់ដ៏មានសារៈសំខាន់ ដែលបង្ហាញ ពីជំហរដ៏មានប្រៀបរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការបង្កើនការតភ្ជាប់ជើងហោះហើរចម្ងាយឆ្ងាយ និងខ្សែហោះហើរមេតាមរយៈកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ដែលបានចុះហត្ថលេខានៅឯពិព័រណ៍អាកាសចរណ៍សិង្ហបុរីដើម្បីនាំមកនូវយន្តហោះទំនើបចុងក្រោយបង្អស់ចាប់ពីឆ្នាំ២០៣១ តទៅ។
ព្រមទាំង ការពង្រឹងការតភ្ជាប់ជើងហោះហើរក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងទិញដុំ (Bulk Purchase) ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា ជាមួយក្រុមហ៊ុន COMAC សម្រាប់យន្តហោះក្នុងតំបន់ C909 រហូតដល់ ២០ គ្រឿង ដែលបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ ដំបូងគេបង្អស់បានបញ្ជាទិញទ្រង់ទ្រាយធំសម្រាប់ប្រភេទយន្តហោះនេះ។ ការប្រតិបត្តិការដឹកជញ្ជូននឹងចាប់ផ្តើមនៅឆមាសទី២ ឆ្នាំ២០២៦។
ក្នុងឆ្នាំ២០២៥កន្លងទៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ SAI ទទួលបានអ្នកដំណើរ ១.៤៧ លាននាក់ កើនឡើង ៥.៣% ធៀបនឹងឆ្នាំ២០២៤។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ មានអ្នកដំណើរចំនួន ៧១៤,១៣៣នាក់៕ អត្ថបទ៖ ធូ វិរ






