កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវគេរាយការណ៍ថា បានផ្ញើសារទៅកាន់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អបអរសាទរលោកក្នុងឱកាសទិវាជ័យជម្នះ៩ឧសភា ជាជ័យជម្នះលើរបបណាស៊ីអាល្លឺម៉ង់របស់សហភាពសូវៀត។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង លោក Kim ផ្ញើសារបង្ហាញពីសាមគ្គីភាពរបស់លោកជាមួយសមិទ្ធផលនានារបស់ប្រជាជនរុស្ស៊ី មានគោលបំណងលុបបំបាត់ការគំរាមកំហែងខាងនយោបាយ និងយោធាបង្កឡើងដោយកម្លាំងអរិភាព និងការពារសន្តិភាព និងសន្តិសុខរបស់ប្រទេសលោកទាំង២។ លោក Kim បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាយុទ្ធសាស្ត្រ និងជាប្រពៃណីដ៏ស្អិតល្មួតរវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងពង្រឹងព្រមទាំងអភិវឌ្ឍន៍នូវតម្រូវការទៅតាមពេលវេលា និងស្របទៅតាមផលប្រយោជន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២។
កូរ៉េខាងជើងបានបង្ហាញដដែលៗនូវការគាំទ្រដល់រុស្ស៊ី ខណៈប្រទេសនេះប្រឈមនឹងភាពឯកោពីអន្តរជាតិកាន់តែខ្លាំង ដោយសារការវាយប្រហារចូលអ៊ុយក្រែន។ សាររបស់លោក Kim ទំនងជាមានបំណងគូសបញ្ជាក់ពីទំនាក់ទំនងល្អ ជាប្រពៃណីស្អិតល្មួតរបស់ប្រទេសលោកជាមួយរុស្ស៊ីដែលជាខ្នងបង្អែករបស់ខ្លួន និងប្រឆាំងនឹងសហរដ្ឋអាមេរិក និងលោកខាងលិច៕
អត្ថបទ៖ សុខមាន