ទាហានថៃ បានបន្តធ្វើការឈូសឆាយព្រៃជាបន្តបន្ទាប់ ធ្វើផ្លូវ និងធ្វើលេណដ្ឋានថ្មីទៀតនៅតំបន់ភាគខាង ជើងនៃបង្គោលព្រំដែនលេខ១៤ ស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយបានលួច ធ្វើលេណដ្ឋានថ្មីៗមួយចំនួនទៀតនៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈ ហើយរាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការតវ៉ាយ៉ាងខ្លាំងក្លា ដោយចាត់ទុកទង្វើនេះបានរំលោភយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណ ភាពទឹកដីកម្ពុជា រួមទាំងច្បាប់អន្តរជាតិជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការ តវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានដោយប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នីសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃ បានបន្តធ្វើការឈូស ឆាយព្រៃជាបន្តបន្ទាប់ ដើម្បីសាងសង់ផ្លូវថ្មីមួយខ្សែ ដែលតភ្ជាប់ពីភាគខាងជើងនៃបង្គោលព្រំដែនលេខ ១៤ ទៅកាន់តំបន់ភ្នំតាថុង ឬភ្នំ២៧៨ បន្ទាប់មកនៅថ្ងៃទី២០ ខែសីហា កងកម្លាំងប្រដាប់អាវុធថៃបានបន្ត សកម្មភាពសាងសង់ផ្លូវនៅក្នុងតំបន់ខាងលើ ព្រមទាំងបានសាងសង់លេណដ្ឋានយោធាថ្មីផងដែរ។
ដោយ ឡែក នៅថ្ងៃទី២០ ខែសីហានេះដែរ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់លេណដ្ឋានយោធាថ្មីមួយចំនួនផងដែរ នៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈ។
ក្រសួងការបរទេសកម្ពុជាបានចាត់ទុកថា សកម្មភាពខាងលើនេះ គឺជាការរំលោភបំពានយ៉ាងជាក់ ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា រំលោភច្បាប់អន្តរជាតិ និងរំលោភរាល់កិច្ចព្រម ព្រៀងទាំងឡាយជាមួយកម្ពុជា ហើយឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ដោយកម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះ ឡើយ៕អត្ថបទ៖ បាន ចក់


