សៀមរាប៖ ការប្រកួតកីឡាជឺជីតស៊ូជើងឯកតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ ដែលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ និងទទួលបានការសរសើរមិនដាច់ពីមាត់ពីបណ្ដាប្រទេសចូលរួមទាំងអស់។

ក្រោយដំណើរការប្រកួតយ៉ាងសិ្វតស្វាញរយៈពេលបីថ្ងៃ (២១-២៣ ខែសីហា) កីឡាករ កីឡាការិនីកម្ពុជាដណ្ដើមបានមេដាយសរុប១០៩គ្រឿង ក្នុងនោះមេដាយមាស១៥គ្រឿង មេដាយប្រាក់២៨គ្រឿង និងមេដាយសំរឹទ្ធ៦៦គ្រឿង។ លទ្ធផលនេះធ្វើឱ្យក្រុមជឺជីតស៊ូកម្ពុជាឈរនៅចំណាត់ថ្នាក់ទី៤ក្នុងចំណោម៨ប្រទេសដែលចូលរួមប្រកួត។
ទាក់ទងនឹងលទ្ធផលដ៏ត្រចះត្រចង់នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានអបអរសាទរដល់កីឡាករ កីឡាការិនីទាំងអស់ដែលដណ្ដើមបានមេដាយជូនជាតិនាពេលនេះ។
ឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានលើកឡើងថាការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍នាពេលនេះជាឱកាសល្អសម្រាប់កម្ពុជាត្រៀមចូលរួមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ ព្រោះលើប្រភេទកីឡាជឺជីតស៊ូនេះកម្ពុជាបញ្ជួនកីឡាករប្រាំរូបទៅចូលរួមប្រកួតផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញមោទនភាពដែលកម្ពុជាត្រូវជឺជីតស៊ូអាស៊ីជ្រើសរើសធ្វើជាម្ចាស់ផ្ទះកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ និងអរគុណដល់ផ្នែកពាក់ព័ន្ធដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការដោយជោគជ័យ៕ អត្ថបទ៖ គង់ ហួន










