គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ មានទុនវិនិយោគសរុបប្រមាណ ៣៥០ លានដុល្លារអាមេរិក ក្នុងនោះវិស័យកសិ-ឧស្សាហកម្មចំនួន១, ឧស្សាហកម្ម៣គម្រោង, វិស័យ ទេសចរណ៍ ១ និងហេដ្ឋារចនាសម្ព័ន្ធ ២គម្រោង។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦នេះ បានអញ្ជើញដឹកនាំប្រជុំច្រកចេញ-ចូលតែមួយ លើកទី៨ ក្នុងឆ្នាំ២០២៦ ពិនិត្យ និងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាល រាជធានី-ខេត្តពាក់ព័ន្ធ។

ជុំវិញគម្រោងចំនួន៧ខាងលើនេះ មានទុនវិនិយោគសរុបប្រមាណ ៣៥០ លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ ១,៨ ពាន់កន្លែង ដោយវិនិយោគនៅលើវិស័យសំខាន់ៗរួមមាន៖ វិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង, គម្រោងបង្កើតកសិដ្ឋានដាំ ដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានកាហ្វេ ចិញ្ចឹម និងផលិតសំបុកដង្កូវនាង ការចិញ្ចឹមសត្វ សាងសង់រោងចក្រកែច្នៃ និងមូលដ្ឋានផលិត នានា សម្រាប់បម្រើការវេចខ្ចប់ទំនិញ។
ចំណែកវិស័យឧស្សាហកម្មមានចំនួន៣គម្រោងរួមមាន៖ គម្រោងបង្កើតរោងចក្រកែច្នៃទឹកដោះគោ, គម្រោងបង្កើតរោងចក្រ ផលិតស្រោមដៃគ្រប់ប្រភេទ, និងគម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ។ ចំពោះវិស័យទេសចរណ៍មានចំនួន១គម្រោង៖ គឺគម្រោង សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១៥០បន្ទប់។
ដោយឡែកការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន២គម្រោងរួមមាន៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ មានអានុភាព ៣៥០ មេហ្គាវ៉ាត់ និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះ អាទិត្យមួយផ្សេងទៀត មានអានុភាព ៣០ មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី។ ទាក់ទិនគម្រោងវិនិយោគទាំង ៧ ខាងលើ នេះ បានជ្រើសរើសទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង៕ អត្ថបទ៖ សុន រ៉ាឌី





