ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដើម្បីជួយកុមារកម្ពុជា រដូវកាលទី៤ បានបញ្ចប់ដោយជោគជ័យ ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៩សប្ដាហ៍ ដោយកៀរគរបានថវិកាជិត ១ម៉ឺនដុល្លារ សម្រាប់នាំយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
ការប្រកួតបាល់ទាត់សប្បុរសធម៌នេះ មានក្រុមបាល់ទាត់ចំនួន ៨ចូលរួម ដែលបានបិទបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ នៅកីដ្ឋានស្ដាតចាស់ ដោយក្រុមបាល់ទាត់វ័យចាស់ 9NG Soccer Team បានគ្រងតំណែងជើងឯក ។ ជាមួយគ្នា គណៈកម្មការរៀបចំបានកៀរគរថវិកាសរុបចំនួន ៣៩.២២០.០០០រៀល សម្រាប់បរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។
លោក ហួត គីមងួន ហៅ Dori ស្ថាបនិក និងជាគណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា រដូវកាលទី៤ នេះ មានត្រឹម ៨ក្រុមចូលរួម ហើយឆ្លើយតបនឹងគោលបំណងគណៈកម្មការ ក្រុមនីមួយៗ ត្រូវបរិច្ចាគចំនួន ២លានរៀល សម្រាប់ប្រមែប្រមូលគ្នាបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ ពិសេសមន្ទីរពេទ្យគន្ធបុប្ផា ។ លោកបន្ដថា ទោះបីថវិកានេះ មិនជាច្រើន តែជាទឹកចិត្តដ៏ស្មោះរបស់កីឡាករ ក៏ដូចជាបណ្ដាក្រុមទាំងអស់ ដើម្បីចូលរួមជួយដល់កុមារកម្ពុជា។
យោងតាមសកម្មជនបាល់ទាត់ដដែល សម្រាប់រដូវកាលទី៥ នៃព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដើម្បីជួយកុមារកម្ពុជា នឹងបើកឱ្យមានក្រុមបាល់ទាត់យុវជនចូលរួម បន្ទាប់ពីរដូវកាលទី១ ដល់រដូវកាលទី៤ ផ្ដោតតែលើក្រុមវ័យកណ្ដាល និងក្រុមវ័យចាស់។ ការធ្វើកំណែទម្រង់បន្ថែមនេះ ដើម្បីជំរុញការប្រកួតឲ្យកាន់តែទាក់ទាញ លោកក៏សង្ឃឹមថា នឹងមានក្រុមចូលរួមកាន់តែច្រើន ហើយអាចកៀរគរបានថវិកាសម្រាប់ចូលរួមជួយដល់សកម្មភាពសប្បុរសធម៌នេះកាន់តែច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

