ភ្ញៀវទេសចរអន្តរជាតិ ក្នុងអំឡុងពេលដើរកម្សាន្តនៅប្រទេសកម្ពុជា បានដឹងថា កម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះ សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) និងបានថ្លែងក្ដីរំពឹងថា សំឡេង ISC នឹងជួយជំរុញលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ គោរពសិទ្ធិមនុស្សលើប្រទេសដទៃ និងដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី។
ទេសចរអន្តរជាតិ ដែលបានទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នាថ្ងៃទី២៨ ខែសីហានេះ បានលើកឡើងថា ការខិតខំថែរក្សាអភិរក្ស បន្សល់ទុកនូវភស្តុតាង និងបទពិសោធន៍ដ៏ជូរចត់ខ្មៅងងឹតពីសម័យសង្គ្រាមស៊ីវិលដ៏វិនាសកម្មនៅកម្ពុជា គឺវាពិតជាមានតម្លៃខ្លាំងក្នុងការផ្សព្វផ្សាយឱ្យពិភពលោកចងចាំជានិច្ច អំពីបញ្ហាជម្លោះសង្គ្រាម និងការកសាងសន្តិភាពដោយលំបាក ហើយតាមរយៈកិច្ចសន្ទនា នៃសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ គឺបានបង្កើននូវការផ្សព្វផ្សាយវប្បធម៌សន្តិភាពកាន់តែខ្លាំងថែមទៀតទៅកាន់ពិភពលោក ពិសេសគឺការជំរុញប្រទេសនានាឱ្យរក្សាវប្បធម៌សន្ទនា ភាពអត់ធ្មត់ គោរពច្បាប់អន្តរជាតិ គោរពសិទ្ធិមនុស្សរបស់ប្រទេសដទៃ ពិសេសប្រទេសនៅជិតខាងខ្លួន និងការដោះស្រាយបញ្ហានានាដោយសន្តិវិធី និងទប់ស្កាត់ជម្លោះសង្គ្រាមតូចធំនានាជាដើម។
ទេសចរអន្តរជាតិ បានកត់សម្គាល់ថា ឆ្លងកាត់បទពិសោធន៍ជូចត់ខ្មៅងងឹតរបស់កម្ពុជា គឺកម្ពុជា ជាប្រទេសដែលស្រឡាញ់សុខសន្តិភាពខ្លាំង និងមានឆន្ទៈខ្លាំង ចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តជាតិ ហើយយើងជំរុញប្រទេសជិតខាងកម្ពុជា និងប្រទេសនានាទៀតអនុវត្តទាំងអស់គ្នា។
ទេសចរអន្តរជាតិ បានបញ្ជាក់ថា សន្តិភាព គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សទាំងអស់គ្នា ហើយសភារបស់កម្ពុជា គឺកំពុងបានចលនាបង្កើតកិច្ចសន្ទនា ដើម្បីឆ្ពោះទៅរកកសាងសន្តិភាព ការគោរពច្បាប់អន្តរជាតិ គោរពសិទ្ធិមនុស្សជាអន្តរជាតិ ក៏ដូចជំរុញចលនាទេសចរអន្តរជាតិដើរកម្សាន្តដោយគ្មានការភ័យព្រួយបារម្ភ អំពីបញ្ហាភាពមិនប្រាកដប្រជារបស់ពិភពលោកផងដែរ។
ភ្ញៀវទេសចរអន្តរ បានបញ្ជាក់ទៀតថា ច្បាប់អន្តរជាតិ គឺមាននៅគ្រប់ប្រទេសទាំងអស់ ហើយប្រទេសទាំងនោះ ត្រូវតែអនុវត្ត រក្សាភាពអត់ធ្មត់ ដោះស្រាយបញ្ហាដោយសន្តិវិធី និងបែបសាមញ្ញ និងងាយស្រួល ចៀសវាងការបង្កជម្លោះតូចតាចឱ្យទៅជាសង្គ្រាមទ្រង់ទ្រាយធំ៕ អត្ថបទ៖ ស៊ុម សុខជា




