រដ្ឋាភិបាលនឹងបើកឱ្យសាធារណជន ចូលលេងកម្សាន្ដ នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្នុងឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជាចលករជំរុញចរន្ដសេដ្ឋកិច្ចមូលដ្ឋានរបស់ពលរដ្ឋ។

ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ BTV នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានឯកភាពជាគោលការណ៍ហើយ អនុញ្ញាត បើកឱ្យសាធារណជន ចូលលេងកម្សាន្ដ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ក្នុងឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្ដម បញ្ជាក់ថា ការបើកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ជាសួនសាធារណៈ លើកទី២នេះ ក្រៅពីផ្ដល់ទីកន្លែងឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានចូលដើរ ទស្សនា កម្សាន្ដ ហាត់ប្រាណ និងលេងកីឡា ក៏ជាចលករជំរុញចរន្ដសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងមូលដ្ឋានផងដែរ។
ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៖«បាទ ដូចសម្ដេច មានប្រសាសន៍ លើកឡើងអញ្ចឹង គឺដើម្បីឱ្យប្រជាជន បានចូលទៅដើរលេងបន្ទាប់ពីសម្រាកការងារ បានទៅហាត់កីឡានៅខាងក្នុង។ អញ្ចឹងវាអត់មានអីខុសឆ្ងាយពីអ្វី ដែលយើងធ្លាប់ធ្វើ កាលពីពេលកន្លងមក ក្នុងពេលបុណ្យចូលឆ្នាំទេ។ ដោយឡែកនៅខាងក្រៅ ព្រលាន យើងក៏បង្កលក្ខណៈ ឱ្យអ្នកលក់ដូរក្រៅប្រព័ន្ធតូចតាច គាត់អាចលក់ភេសជ្ជៈ នំ ឬវត្ថុអនុស្សាវរីយ៍ជាដើម។ អញ្ចឹងក្នុងរយៈពេល ២-៣ថ្ងៃហ្នឹង ក៏បង្កលក្ខណៈដល់សេដ្ឋកិច្ចមូលដ្ឋាន និងសម្រួលដល់ការសម្រាករបស់ប្រជាជនដែរ»។
ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា ឱ្យដឹងបន្ថែមថា ការបើកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ជាសួនសាធារណៈលើកទី២នេះ នឹងមិនមានការរៀបចំតុបតែងលម្អអ្វីបន្ថែមទៀតនោះទេ ពីព្រោះព្រលានយន្ដហោះនេះ បានរៀបចំម្ដងរួចហើយ កាលពីពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ហើយសម្រាប់ពេលនេះ អាកាសចរណ៍ស៊ីវិល គ្រាន់តែរៀបចំសម្អាតបរិស្ថាន និងរៀបចំអនាម័យបន្ថែមប៉ុណ្ណោះ។ លើសពីនេះ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក៏មិនមានការសម្ដែងទម្រង់សិល្បៈចម្រុះដូចកាលពីពេលមុននោះដែរ។ ឯកឧត្ដម បញ្ជាក់ថា សេចក្ដីលម្អិតពីរយៈពេល នៃការបើកឱ្យចូលលេងកម្សាន្ដប្រចាំថ្ងៃ និងការកំណត់ផ្សេងៗ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលនឹងជូនដំណឹងផ្លូវការនាពេលខាងមុខ។
សូមជម្រាបជូនថា អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចផ្អាកជើងហោះហើរពាណិជ្ជកម្ម និងការផ្លាស់ប្ដូរប្រតិបត្តិការ ទាំងស្រុងកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ ហើយប្រតិបត្តិការហោះហើរគ្រប់ប្រភេទ បានចាប់ផ្ដើមនៅអាកាសយនដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ សម្រាប់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ រាជរដ្ឋាភិបាល រក្សាទុកសម្រាប់ការហោះហើរផ្ទៃក្នុង និងបង្កើតជាសួនច្បារសាធារណៈបៃតង៕ អត្ថបទ៖ លៀ ស៊ីណា



