ឯកឧត្តម អ៊ុក សិទ្ធិជាតិ សមាជិកសភា និងតំណាងរាស្រ្តខេត្តព្រៃវែង ត្រូវបានបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អាណត្តិទី៩ ឆ្នាំ២០២៤-២០២៨ បន្ទាប់ពីឯកឧត្តមបានចូលរួមដឹកនាំសហព័ន្ធ ក្នុងនាមប្រធានស្ដីទីមួយរយៈពេលធំចុងក្រោយ។

ការបោះឆ្នោតនេះ ធ្វើឡើងក្នុងសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់បោះកម្ពុជា កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ នៅនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និស្ថិតិកីឡា ដោយមានការចូលរួមជាសក្ខីភាពពីឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។

ក្នុងនាមប្រធានសហព័ន្ធថ្មី និងជាឥស្សរជនឆ្នើមមួយរូបក្នុងវិស័យកីឡា ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានសម្ដែងសេចក្ដីរីករាយក្នុងការចូលរួមដឹកនាំ និងអភិវឌ្ឍវិស័យកីឡាបាល់បោះកម្ពុជា ដែលកំពុងមានការអភិវឌ្ឍ និងរីកចម្រើន ដើម្បីកសាងបាននូវធនធានមនុស្សប្រកបដោយសក្ដានុពល សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។
ទន្ទឹមជាមួយការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិដឹកនាំបន្ដ អាណត្តិទី៩ នេះដែរ ក្រៅពីឯកឧត្តម អ៊ុក សិទ្ធិជាតិ ជាប្រធាន គឺមានលោក គួច វរ្ម័ន ជាអនុប្រធានទី១ ព្រមទាំងលោកបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ, ព្រមទាំងលោកបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ឯកឧត្តម ប៉ុន សុខ, ឯកឧត្តម យិត ភីរៈ, លោក ហ៊ូ ចៀនហៃ និងអ្នកឧញ្ញ៉ា លី ឃុនថៃ ជាអនុប្រធាន ។ ចំណែកអគ្គលេខាធិការ គឺលោក កូឡេដួយ អាបាយូមី និងមានលោកស្រី អ៊ុយ ច័ន្ទធីរ៉ាត អគ្គហេរញ្ញឹក រួមជាមួយសមាជិកចំនួន ១១នាក់ផ្សេងទៀត។
បន្ថែមលើនេះ អង្គសន្និបាតវិសាមញ្ញ ដែលដឹកនាំដោយឯកឧត្តម អ៊ុក សិទ្ធិជាតិ ក៏បានតែងតាំងអគ្គលេខាធិការង ៤រូបផ្សេងទៀត រួមមានលោក កៅ កាន់ណាលី, លោក អ៊ុំ សូផាណារ័ត្ន, លោក ឆាយ សុភាព និងលោក ម៉ោញ សេរីវ៉ាត ដើម្បីចូលរួមជំរុញសកម្មភាពការងារអគ្គលេខាធិការដ្ឋាន និងសកម្មភាពអភិវឌ្ឍ ទាំងការងាររដ្ឋបាល បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់បោះកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតផង៕ អត្ថបទ លី ឈុនឡា




