ភ្លាមៗក្រោយមានប្រតិកម្មពីព្រឹទ្ធសភារបស់ថៃចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទាក់ទងនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២នោះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានបង្ហាញការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍ខាងលើនេះ ហើយបានប្រាប់ទៅភាគីថៃវិញថា ការលើកឡើងរបស់សម្តេចតេជោ គឺជាការបកស្រាយសភាពការណ៍ពិតប្រាកដ។

យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះបានលើកឡើងថា «ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជាការបកស្រាយពីសភាពការណ៍ពិតដែលបាននិងកំពុងកើតមានពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា និងមានសារៈសំខាន់ ជាយុទ្ធសាស្ត្រក្នុងការជ្រោងខ្ពស់អធិបតេយ្យជាតិ បូរណភាពទឹកដី និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធីជាដើម។

តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះដែរ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ក៏បានលើកឡើងផងដែរថា កម្ពុជាមិនអាចទទួលយកបាននោះឡើយ ចំពោះការបកស្រាយណាមួយរបស់ភាគីថៃ លើសេចក្តីថ្លែងការណ៍រួម កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ ដែលប្រែក្លាយកិច្ចព្រមព្រៀងឈប់បាញ់ទៅជាការទទួលស្គាល់អធិបតេយ្យលើដែនដី ឬជាការទទួលស្គាល់សិទ្ធិណាមួយ ដែលកើតចេញពីវត្តមាន ឬការគ្រប់គ្រងដោយយោធាលើដែនដីអធិបតេយ្យរបស់កម្ពុជា នៅលើតំបន់ដែលមានជម្លោះ ឬមិនទាន់បានខណ្ឌសីមា និងកំណត់ព្រំដែនច្បាស់លាស់នោះឡើយ ហើយកម្ពុជាកាន់តែមិនអាចទទួលយកបានទៅទៀតនោះ ដែលប្រធានព្រឹទ្ធសភាថៃ បានចោទប្រកាន់មកកម្ពុជាថា ជាអ្នកបាញ់មុន ហើយភាគីថៃបានធ្វើសកម្មភាពក្នុងក្របខ័ណ្ឌនៃសិទ្ធិស្វ័យការពារស្របច្បាប់ និងថា ថៃបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបានចាត់ទុកជំហររបស់កម្ពុជាថា ជាការប៉ុនប៉ង «បង្ហាញខ្លួនឯងថាជាជនរងគ្រោះ»នោះ។ ទាំងនេះគ្រាន់តែជាការអះអាងជាឯកតោភាគីរបស់ភាគីថៃតែប៉ុណ្ណោះ ហើយក៏មិនខុសប្លែកអ្វី ពីការឃោសនាបំភ្លៃការពិត ប្រែក្លាយពីសទៅខ្មៅ ពីខ្មៅទៅស បំភ័ន្តមតិសាធារណៈ សំដៅបិទបាំងសកម្មភាពឈ្លានពានរបស់ខ្លួន មកលើបូរណភាពទឹកដីកម្ពុជានោះ។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែសីហា កន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅអង្គសន្និសីទថា កងកម្លាំងប្រដាប់អាវុធថៃ បានកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ហើយបានយកឡេសថាតំបន់ខ្លះដែលពួកគេកំពុងកាន់កាប់នោះជាតំបន់ល្បែងឆបោក៕ អត្ថបទ៖ បាន ចក់


