ក្លិបតោខៀវ Chelsea បានបញ្ជាក់ពីការចុះហត្ថលេខានាំយកអ្នកចាំទីអាហ្សង់ទីន Emiliano Martínez ពី Aston Villa ក្នុងតម្លៃប្រមាណ ៧.៥លានផោន ដែលធ្វើឱ្យការផ្ទេររវាងក្លិបទាំងពីរកើនឡើងដល់ ៨លើកក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។

អ្នកចាំទីវ័យ ៣៣ឆ្នាំ ដែលជាសមាជិកជួយអាហ្សង់ទីនឈ្នះជើងឯកបាល់ទាត់ពិភពលោក ២០២២ នៅកាតាបានផ្លាស់ទៅកាន់ Stamford Bridge ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ និងបានបង្ហាញខ្លួនប្រកួតដំបូងផងដែរឱ្យ Chelsea ក្នុងជ័យជំនះ ៤-៣ លើ Brighton យប់ថ្ងៃអាទិត្យម្សិលមិញនេះ។
Martínez ដែលជាអតីតអ្នកចាំទីរបស់ Arsenal បានចូលរួមជាមួយ Aston Villa ក្នុងឆ្នាំ ២០២០ ហើយបានបង្ហាញខ្លួនសរុប ២៥៦ប្រកួត សម្រាប់ក្លិប និងបានជួយ Villa ឈ្នះពាន Europa League កាលពីរដូវកាលមុនផងដែរ។
ការផ្ទេរ Martínez មក Chelsea កើតឡើងបន្ទាប់ពី Nicolas Jackson បានផ្លាស់ពី Chelsea ទៅ Aston Villa កាលពីសប្ដាហ៍មុន។
តាមរយៈការផ្ទេរទាំងនេះ Chelsea និង Aston Villa បានក្លាយជាក្លិប Premier League ពីរដែលមានការផ្លាស់ប្តូរកីឡាករគ្នាច្រើនជាងគេ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ដោយរាប់បញ្ចូលទាំងការផ្ទេរអចិន្ត្រៃយ៍ និងការខ្ចីជើង។
ទំនាក់ទំនងផ្ទេរកីឡាកររវាងក្លិបទាំងពីរចាប់ផ្តើមកាន់តែសកម្ម បន្ទាប់ពីក្រុមហ៊ុន BlueCo ចូលកាន់កាប់ Chelsea ក្នុងឆ្នាំ ២០២២។ នៅរដូវក្តៅឆ្នាំនោះ Chelsea បានចុះហត្ថលេខានាំយក Carney Chukwuemeka ពី Aston Villa ក្នុងតម្លៃ ២០លានផោន។
បន្ទាប់មក កីឡាករជាច្រើនទៀតបានផ្លាស់ប្តូររវាងក្លិបទាំងពីរ ដូចជា Ian Maatsen ទៅ Villa ក្នុងតម្លៃ ៣៧.៥លានផោន, Omari Kellyman ទៅ Chelsea ក្នុងតម្លៃ ១៩លានផោន និង Axel Disasi ទៅ Villa ក្នុងលក្ខខណ្ឌខ្ចីជើង ដែលមានថ្លៃខ្ចីប្រមាណ ៥លានផោន។
សម្រាប់តែរដូវក្តៅនេះ Chelsea និង Aston Villa បានធ្វើកិច្ចព្រមព្រៀងគ្នារហូតដល់ ៤លើក រួមមាន Morgan Rogers បានផ្លាស់ទៅ Chelsea ក្នុងតម្លៃដ៏ខ្ពស់ប្រមាណ ១១៧លានផោន ខណៈ Alejandro Garnacho បានចូលរួមជាមួយ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង និងអាចទិញផ្តាច់ដែលអាស្រ័យលើលក្ខខណ្ឌមួយចំនួន ហើយតម្លៃសរុបអាចឈានដល់ប្រមាណ ៤៣លានផោន។
ចាប់តាំងពីឆ្នាំ ២០២២ មក Chelsea បានចំណាយប្រាក់សរុបប្រមាណ ១៦៣.៥លានផោន ដើម្បីទិញកីឡាករពី Aston Villa។
ចំណែក Aston Villa វិញ បានចំណាយប្រមាណ ១០២.៥លានផោន លើកីឡាកររបស់ Chelsea ដោយរាប់បញ្ចូលទាំងថ្លៃខ្ចីជើងរបស់ Axel Disasi ផងដែរ។
ចំនួននេះអាចកើនដល់ ១៥០.៥លានផោន ប្រសិនបើលក្ខខណ្ឌមួយចំនួនក្នុងកិច្ចសន្យារបស់ Garnacho ត្រូវបានបំពេញ ហើយការផ្ទេររបស់គេត្រូវបានធ្វើជាអចិន្ត្រៃយ៍៕ អត្ថបទ៖នាង សុភាវុធ

