បាល់ទាត់៖ ខ្សែបម្រើប៊ែលហ្ស៊ិក Kevin de Bruyne បានស៊ុតបញ្ចូលទីដល់ទៅ ៤គ្រាប់ម្នាក់ឯងឱ្យ Manchester City យកឈ្នះនៅទឹកដី Wolverhampton Wanderers ៥-១ ដើម្បីត្រលប់មកនាំមុខដាច់ ៣ពិន្ទុវិញក្នុងតារាង English Premier League។

គ្រាប់ដំបូងរបស់កីឡាករវ័យ ៣០ឆ្នាំរូបនេះកើតឡើងតាំងពីនាទីទី៧ តែក៏ត្រូវបានម្ចាស់ផ្ទះតាមស្មើវិញភ្លាមៗនៅនាទីទី១១ ដោយមិត្តរួមជាតិប៊ែលហ្ស៊ិក Leander Dendoncker។ ក្រោយមក Kevin de Bruyne ក៏សំរេចគ្រាប់បាល់ Hat-Trick របស់ខ្លួនក្នុងវគ្គទី១ តែម្តងនៅនាទីទី១៦ និង ២៤ មុនពេលដែលវគ្គទី២ ក៏រកបានគ្រាប់ទី៤ របស់ខ្លួននៅនាទីទី៦០ និង Raheem Sterling បង្ហើយគ្រាប់ចុងក្រោយនៅនាទីទី៨៤។ នេះជាលើកដំបូងហើយដែល Kevin de Bruyne រកបាន Hat-Trick ឱ្យ Manchester City ហើយត្រឹមនាទីទី២៤ នេះក៏បានក្លាយជាកីឡាករទី៣ ដែលស៊ុតបញ្ចូលទី Hat-Trick លឿនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។

Kevin de Bruyne ក៏បានអបអរគ្រាប់បាល់របស់ខ្លួនយកតម្រាប់តាម Erling Haaland ដែលទើបឈានដល់កិច្ចព្រមព្រៀងផ្លាស់មករួមក្រុមនៅរដូវកាលក្រោយផងដែរ។ បីពិន្ទុនេះធ្វើឱ្យ Manchester City ត្រលប់មកនាំមុខដាច់ក្រុមលេខ២ ហង្សក្រហម Liverpool ៣ពិន្ទុវិញ ខណៈនៅសល់តែ ២ប្រកួតទៀតចប់រដូវកាល៕
អត្ថបទ៖នាង សុភាវុធ