ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី២២ មីនា ២០២១នេះ បានចេញនូវសេចកី្តប្រកាសបន្ទាន់ បានឲ្យដឹងថា កន្លងមកមានករណីវិជ្ជមានកូវីដ-១៩ ម្នាក់ បានចូលក្នុងហាងលក់គ្រឿងទេស Indian Spices នៅលើផ្លូវ វត្តកោះ (៨១) រាជធានីភ្នំពេញ នៅប្រហែលម៉ោង៧យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
ដូច្នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ស្នើឲ្យអ្នកពាក់ព័ន្ធអញ្ជើញទៅធ្វើតេស្ត និងពិនិត្យយកសំណាកទៅតាមលក្ខខណ្ឌ និងទីតាំងដូចក្នុងសេចកី្តជូនដំណឹងខាងក្រោមនេះ ៖ សេចកី្តជូនដំណឹង ករណីវីរុសកូវីដ-១៩ បានចូលក្នុងហាងលក់គ្រឿងទេស Indian Spices នៅលើផ្លូវវត្តកោះ (៨១) រាជធានីភ្នំពេញ នៅប្រហែលម៉ោង ៧យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ សូមបងប្អូនដែលមានរោគសញ្ញាដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ករ ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលនៅក្នុងហាងលក់គ្រឿងទេស Indian Spices នៅលើផ្លូវ វត្តកោះ (៨១) រាជធានីភ្នំពេញ នៅប្រហែលម៉ោង៧យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នោះ សូមអញ្ជើញទៅធ្វើតេស្តនៅមនី្ទរពេទ្យដែលបានកំណត់អនុញ្ញាត នៅក្នុងរាជធានីភ្នំពេញ និងខេត្តរបស់អ្នក ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃ រាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ ឬទៅទីកន្លែងនោះ។
សេចកី្តជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃដដែរបានបញ្ជាក់ថា ដើម្បីយកឈ្នះលើកូវីដ-១៩ យើងត្រូវរកវាឲ្យឃើញ ពលរដ្ឋដែលប៉ះពាល់ជាមួយនឹងមនុស្សច្រើន មានហានិភ័យខ្ពស់ប្រឈម នឹងការឆ្លងជំងឺកូវីដ-១៩ ប្រសិនបើអ្នកជាបុគ្គលិកសុខាភិបាល គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ នគរបាលយុត្តិធម៌ បុគ្គលិកអនាម័យ និងអ្នកបើកតាក់ស៊ី ដែលជាអ្នកជួរមុខ ហើយប៉ះពាល់ជាមួយសាធារណជនច្រើន ព្រមទាំងកំពុងរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយមានរោគសញ្ញាដូចជាគ្រុនក្ដៅក្អក កណ្តាស់ ឈឺបំពង់ក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម អ្នកគួរទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកពាក់ព័ន្ធសូមទៅធ្វើតេស្តនៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមនី្ទរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕ អត្ថបទ៖ រដ្ឋា

