អ៊ុយក្រែន៖ ប្រធានបេសកកម្មតាមដានសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអ៊ុយក្រែនបាននិយាយថា ជនស៊ីវិលរាប់ពាន់នាក់បន្ថែមទៀតត្រូវបានសម្លាប់ក្នុងសង្គ្រាម នៅប្រទេសអ៊ុយក្រែនដែលនៅតែបន្តជាង ២ខែមកនេះ ច្រើនជាងចំនួនមនុស្សស្លាប់សរុបផ្លូវការរបស់អង្គការសហប្រជាជាតិដែលមានត្រឹម ៣,៣៨១នាក់។

លោកស្រី Matilda Bogner បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវនៅសប្ដាហ៍នេះថា ជារួមគិតមកទល់ពេលនេះ យើងបានសរុបជនស៊ីវិលដែលរងគ្រោះចំនួន ៧,០៦១នាក់ក្នុងនោះ ៣,៣៨១នាក់បានស្លាប់ និង ៣,៦៨០នាក់រងរបួសទូទាំងប្រទេសអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមបើកការវាយប្រហារ។ ទិន្នន័យពិតប្រាកដខ្ពស់ជាងនេះ ហើយយើងកំពុងធ្វើការដើម្បីបញ្ជាក់ពីគ្រប់ឧបទ្ទវហេតុទាំងអស់។

លោកស្រីថា យើងបានកំពុងធ្វើការដើម្បីប៉ាន់ប្រមាណពីចំនួនពិតប្រាកដ ប៉ុន្តែនៅពេលនេះ ខ្ញុំអាចត្រឹមតែនិយាយថា មានមនុស្សរាប់ពាន់នាក់ស្លាប់ ខ្ពស់ជាងចំនួនដែលយើងបានផ្ដល់ឲ្យអ្នកទាំងអស់គ្នានៅពេលនេះ។ ក្រុមការងាររបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងក្រុមអ្នកតាមដានស្ថានភាពសិទ្ធិមនុស្សចំនួន ៥៥នាក់បាននិយាយថា ភាគច្រើននៃអ្នកស្លាប់បណ្ដាលមកពីការប្រើគ្រឿងផ្ទុះ ដែលមានវិសាលភាពប៉ះពាល់ខ្លាំងដូចជាការវាយប្រហារដោយមីស៊ីល និងតាមអាកាសជាដើម៕
អត្ថបទ៖ សុខមាន