ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បានឈានដល់វគ្គជម្រុះជុំទី២ តាមពូលក្នុងសប្ដាហ៍នេះ ស្របពេលក្រុមបាល់ទាត់ភូមិបាលស្រុកផាឡាបរីវាត់ ខេត្តស្ទឹងត្រែង ត្រូវការត្រឹម ៣ពិន្ទុប៉ុណ្ណោះ ដើម្បីកក់កៅអីវគ្គ ៨ក្រុមចុងក្រោយមុនគេ។
សម្រាប់កម្មវិធីប្រកួតនៅថ្ងៃទី១ ខែកញ្ញានេះ ក្រុមបាល់ទាត់ភូមិបាលស្រុកផាឡាបរីវាត់ ខេត្តស្ទឹងត្រែង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ អាចារ្យលាក់ ខេត្តកំពង់ធំ វិញម្ដង បន្ទាប់ពីយកឈ្នះក្នុងដី ៣-០ កាលពីជើងទី១។ បច្ចុប្បន្នក្រុមតំណាងខេត្តស្ទឹងត្រែង មាន ៦ពិន្ទុពេញ ខណៈបើឈ្នះការប្រកួតល្ងាចនេះ ពួកគេនឹងកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។
ដំណាលគ្នាដែរ នៅរសៀលថ្ងៃអង្គារនេះ នឹងមានការប្រកួត ២គូផ្សេងទៀត ក្នុងនោះក្រុមបាល់ទាត់ខេត្តសៀមរាប ត្រូវជួបក្រុមកំពូលតារាងពូលB បាត់ដំបងយូណាយធីត និងក្រុមភ្នំដាមហានគរខេត្តតាកែវ ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញហ្គាឡាក់ស៊ី ក្នុងពូលC។
រីឯនៅថ្ងៃទី២ ខែកញ្ញាស្អែក នឹងមានការប្រកួត ២គូផ្សេងទៀត ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ត្រូវជួបក្រុមភ្ញៀវខេត្តឧត្ដរមានជ័យ ក្នុងពូលB និងក្រុមសមាគមកីឡាបាល់ទាត់ខេត្ដកណ្ដាល ត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ក្នុងពូលC។
ក្រឡេកទៅចាប់អារម្មណ៍ពិន្ទុបណ្ដោះអាសន្ន មុនចាប់ផ្ដើមការប្រកួតជុំទី២ នេះ សម្រាប់ពូលB ក្រុមបាត់ដំបងយូណាយធីត កំពុងមានប្រៀប ដោយរកបាន ៧ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ តាមពីក្រោយដោយខេត្តសៀមរាប មាន ៤ពិន្ទុ, ខេត្តបន្ទាយមានជ័យ ឈរលេខ៣ មាន ៣ពិន្ទុ និងខេត្តឧត្ដរមានជ័យ ទើបរកបាន ១ពិន្ទុ។
ដោយឡែកពូលC គឺសមាគមកីឡាបាល់ទាត់កណ្ដាលខេត្ត កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៧ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ នាំមុខក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដែលរកបាន ៦ពិន្ទុ លើក្រុមភ្នំដាមហានគរ ខេត្តតាកែវ ទើបរកបាន ២ពិន្ទុ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ដែលរកបានត្រឹម ១ពិន្ទុ។
គួរដឹងថា ក្រោយឆ្លងកាត់ប្រកួតសន្សំពិន្ទុវិលជុំ ២ជើង ក្រុមឈរកំពូលតារាង តាមពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ៣ក្រុម នឹងទទួលបានកៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ដើម្បីបន្ដប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ក៏ដូចជាឱកាសបានឡើងទៅលេងពានថ្នាក់ជាតិ ទល់ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា

